ភ្នំពេញ៖ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក រស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ បាននាំយកអំណោយរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ។
ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តី ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូន។
លោកអភិបាលរងបានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។
ជាមួយគ្នានោះដែរលោកអភិបាលរងក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ចក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ ៕ដោយ៖ សណ្តោស