ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារចាប់មនុស្សធ្វើជាចំណាប់ខ្មាំង​នៅអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ៖ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមFacebook កម្លាំងប៉ូលិស​អ៊ុយក្រែនបានប្រកាសថា បាន​កំណត់អត្តសញ្ញាណជនដៃដល់ វាយប្រហារចាប់មនុស្សធ្វើជាចំណាប់ខ្មាំង​ហើយ។

ជនដៃដល់ធ្លាប់បង្ហាញការខកចិត្តចំពោះរដ្ឋាភិបាលអ៊ុយក្រែននៅលើបណ្តាញសង្គម។
កម្លាំងប៉ូលិសអ៊ុយក្រែន​បានបិទទីក្រុង Lutsk ភាគពាយព្យនៃប្រទេស ក្រោយពេលមានករណីវាយប្រហារ​ចាប់រថយន្តក្រុងដឹកអ្នកដំណើរធ្វើជាចំណាប់ខ្មាំង​នៅថ្ងៃទី​២១ខែកក្កដាឆ្នាំ​២០២០។
ប៉ូលិសក្នុងទីក្រុង​Lutsk បានព្យាយាមចរចាជាមួយ​ជនដៃដល់ប្រដាប់ដោយអាវុធដែលបានចាប់អ្នកដំណើរប្រមាណ​២០នាក់ធ្វើជាចំណាប់ខ្មាំង​។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ប៉ូលិសបានកំណត់អត្តសញ្ញាណជនដៃដល់​ហើយ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា ជនដៃដល់ស្ទាក់ចាប់រថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង​១៤និង​២៥នាទី​​។ ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ទៀតថា មានការផ្ទុះអាវុធ ហើយរថយន្តដឹកអ្នកដំណើរក៏រងការខូចខាតផងដែរ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពី​អ្នកស្លាប់និងរងរបួសក្នុងការផ្ទុះអាវុធនោះនៅឡើយទេ​។ ជាមួយគ្នានេះកម្លាំងប៉ូលិស​បានព្យាយាមរំដោះចំណាប់ខ្មាំង​ដោយធានាថានឹងមិនឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ​៕ដោយ៖ធី រីណា


ចែករំលែក៖