អន្តរជាតិ៖ ដើម្បីកាត់បន្ថយបន្ទុករបស់រដ្ឋ នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០នេះ រដ្ឋាភិបាលថៃ បានទទូចឲ្យប្រជាជនថៃដែលនឹងត្រលប់មកកាន់មាតុប្រទេសវិញ ត្រូវធ្វើចត្តាឡីស័ក ហើយបង់ថ្លៃចំណាយដោយខ្លួនឯង ។នេះបើតាមការអះអាងពីអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin ។
លោក Taweesilp Visanuyothin បានបញ្ជាក់ថា ខ្ទង់ចំណាយជាមធ្យមលើការស្នាក់នៅរយៈពេល១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ករដ្ឋ មានប្រមាណ១៤ ០០០ បាត ឬ ៤៤០ដុល្លារ។ នេះគឺមិនទាន់គិត ថ្នាំសង្កូវឡើយ ។ដោយសារតែអ្នកត្រលប់មកវិញកើនឡើង ទីកន្លែងច្រើនទៀតនឹងត្រូវរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ករដ្ឋ ដែលបានដាក់បន្ទុកខ្លាំងលើការចំណាយរបស់រដ្ឋាភិបាល។ នេះបើការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
លោក Taweesilp និយាយបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋថៃជាង៦ម៉ឺននាក់ បានវិលត្រលប់មកកាន់ប្រទេសកំណើតវិញ។ ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលលើកទឹកចិត្តឲ្យអ្នកដែលមានលទ្ធភាពបង់ថ្លៃហើយស្នាក់នៅសណ្ឋាគារដើម្បីធ្វើចត្តាឡីស័ក។
ទាក់ទិនជើងហោះហើរដឹកពលរដ្ឋថៃពីបរទេសមកប្រទេសកំណើតវិញវេជ្ជបណ្ឌិត Taweesilp លើកឡើងថា រដ្ឋាភិបាលថៃបានសម្រេចចិត្តបង្កើនកូតាពី២០០នាក់ ទៅ៦០០នាក់ក្នុងមួយថ្ងៃ ព្រោះតែតម្រូវការកើនឡើង។
សូមជម្រាបថា ពាក់ព័ន្ធកង្វល់ពលរដ្ឋថៃជុំវិញរឿងថា អ្នកការទូតបរទេសស្នាក់នៅអគារខុនដូនោះ មន្ត្រីអ្នកនាំពាក្យ ក៏បានអះអាងថា៖ ក្រសួងការបរទេសថៃ បានស្នើសុំឲ្យគ្រប់ស្ថានទូតទាំងអស់ក្នុងប្រទេសថៃ ធានាថាមន្ត្រីទូតពួកគេធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលត្រឹមត្រូវ។
គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ២១ ខែកក្កដានេះ ប្រទេសថៃ រាយការណ៍ករណីឆ្លងសរុប ៣២៥០ករណី ក្នុងនោះជាសះស្បើយ ៣០៩៦នាក់ហើយអ្នកស្លាប់មាន ៥៨នាក់៕ ដោយ៖ស តារា