ខេត្តមណ្ឌលគិរី៖រថយន្តកាមរីឆ្លាមវះគូទដឹកឈើពេញព្រៀបបំណងឆ្ពោះទៅប្រទេសវៀតណាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាពស្រុកកែវសីមាស្ទាក់ចាប់ហើយបានបុកគ្នាជាមួយរថយន្តសមត្ថកិច្ចយ៉ាងពេញទំហឹងតែម្ដងបណ្តាលឱ្យអ្នកបើកបររថយន្តដឹកបទល្មើសរងបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញដោយសង្ឃឹមរស់តិចតួចណាស់។
ហេតុការណ៍សមត្ថកិច្ចស្ទាក់បង្ក្រាបរថយន្តដឹកឈើបង្កជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤៖៣៥នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នៅត្រង់ចំណុចក្បែរទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថា រថយន្តដឹកឈើជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺជាពួកក្រុមឈ្មួញដែលសម្រុកធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីព្រៃក្បែរភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ប្រភពបន្តថា លុះឆ្លងកាត់មកដល់តាមមុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាក៏ប្រឹងបោះពួយយ៉ាងលឿនដូចព្យុះព្រោះខ្លាចសមត្ថកិច្ចដេញទាន់ តែពេលមកដល់ក្បែរទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមាបម្រុងនិឹងបត់ចូលផ្ទះរបស់ខ្លួននៅក្បែនោះហើយក៏ត្រូវរយន្តសមត្ថកិច្ចបើកបំបុកតែម្តង។
តាមប្រភពបង្ហើបថា រថយន្តដែលបើកបំបុកនោះគេល្បីតៗគ្នាថាលោកហឿន សុខណា អភិបាលរងស្រុកកែវសីមាជាអ្នក
បើកដេញបំបុករថយន្តក្រុមឈ្មួញឈើនោះមកដល់មុខផ្ទះតែម្តងស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ហើយអ្នកបើករថយន្តដឹកឈើរងរបួសធ្ងន់ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជនីភ្នំពេញភ្លាមៗផងដែរ។
ប្រភពថាអ្នកបើកបររងរបួសនោះឈ្មោះលាប ហើយក្រុមនេះមានរថយន្តដឹកឈើជាច្រើនគ្រឿងទៀតផង។
ក្រោយហេតុការណ៍នោះបានកើតឡើងសមត្ថកិច្ចក៏បានបន្តធ្វើការឆែកឆេររកឃើញគំនរឈើជាច្រើនទៀតក៏បានធ្វើការរឹបអូសយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ព្រៃឈើបន្ត៕
ដោយ៖ ជីវ័ន្ត