អន្តរជាតិ៖កាលពីថ្ងៃទី២១ ខែកក្កដា មានករណីចាប់មនុស្សនៅលើរថយន្តក្រុងធ្វើជាចំណាប់ខ្មាំងនៅទីក្រុងLutsk ភាគខាងលិចប្រទេសអ៊ុយក្រែន។ ខ្មាន់កាំភ្លើងបានផ្ទុះអាវុធជាច្រើនគ្រាប់ហើយមានទាំងរំសេវផ្ទុះជាច្រើនផងដែរ ។
ក្រុមប៉ូលិសប្រឆាំងភេរវកម្ម អ៊ុយក្រែនបានឡោមព័ទ្ធរថយន្តក្រុងជាច្រើនម៉ោង ហើយក៏បានចរចាជាមួយជនចាប់ជំរិតផងដែរ។ ជនចាប់ចំណាប់ខ្មាំងបានស្នើនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ ក្រោយជួបនិយាយគ្នាជាមួយប្រធានាធិបតីជនដៃដល់បានដោះលែងមនុស្ស៣នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ។
ក្រោយរយៈពេល១៥នាទី និយាយជាមួយប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីក៏បានយល់ព្រមតាមសំណើរបស់ជនចាប់ចំណាប់ខ្មាំង គឺបង្ហោះវីដេអូនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ហើយនិយាយជាភាសារុស្ស៊ីស្នើឲ្យពលរដ្ឋទស្សនាខ្សែភាពយន្តក្នុងវីដេអូនោះ។
ប្រធានាធិបតីZelensky បាននិយាយថា «សូមអ្នកទាំងអស់គ្នាទស្សនាខ្សែភាពយន្ត Earthlings កាលពីឆ្នាំ២០០៥ ដែលជាខ្សែភាពយន្តស្តីពីសិទ្ធិរបស់សត្វដែលផលិតដោយក្រុមហ៊ុនហ៊ូលីវូដ។
ក្រោយឃ្លីបវីដេអូនោះបានបង្ហោះ ជនចាប់ចំណាប់ខ្មាំងក៏បានដោះលែង ហើយព្រមប្រគល់ខ្លួនឲ្យប៉ូលិស។ ក្រោយប៉ូលិសចាប់ខ្លួន ឃ្លីបវីដេអូនោះក៏បានដកចេញភ្លាមផងដែរ៕ ធី រីណា