ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសនិងគាំទ្រការដាក់ឱ្យប្រើនូវប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និង តាមដានសភាពការណ៍ (PRISM) ព្រមទាំងគោលការណ៍ណែនាំនិតិវិធីសម្រាប់រៀបចំ ផែនការត្រៀមបម្រុងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបានសហការគាំទ្រដោយអង្គការកម្មវិធីស្បៀងអាហារពិភពលោកការ នាព្រឹកថ្ងៃទី២២ខែកក្តដាឆ្នាំ២០២០ និងមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនិងបង្គោលគ្រប់គ្រងគ្រោះមហន្តរាយមកពីក្រសួង ស្ថាប័ននានានិងអង្កការដៃគូអភិវឌ្ឍន៍បានធ្វើបទបង្ហាញ សម្រាប់យកទៅអនុវត្ត១៨ខេត្តរាជធានីនិងខេត្តមួយចំនួនទៀតមិនទាន់អនុវត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ហ្រែ្វន សែស្កា អ៊ែរដឺលម៉ាន នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៏ថាអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានខិតខំជួយឱ្យដំណើរការសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រេចបានលទ្ធផលប្រកាសឱ្យប្រើប្រាស់នៅពេលនេះ។ជាមួយគ្នានេះលោកស្រីបន្តថា អង្គការកម្មវិធីស្បៀង អាហារពិភពលោកWFP ជាភ្នាក់ងារមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានលើពិភពលោក និង បានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពី ១៩៧៩ក្នុងការលើកកម្ពស់សន្តិសុខស្បៀង ដល់សហគមន៍ងាយរងគ្រោះ។
មានប្រសាសន៏នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័នពាក់ព័ន្ធនាននិងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិរហូតដល់ឃុំ/សង្កាត់ ក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដែលបានសហការគ្នាបានល្អជាពិសេសអង្គការកម្មវិធីស្បៀងអាហារពិភពលោកដែលជាដៃគូដ៏សំខាន់នៅពេលមានគ្រោះមហន្តរាយកេីតឡេីងម្តងៗដោយគ្រោះថ្នាក់ដោយធម្មជាតិនិងមនុស្សបង្កឡេីងគឺសុទ្ធតែជាអ្នកដែលទទួលរងគ្រោះដូចប្រជាជននៅមូលដ្ឋាន តែនៅខិតខំបំពេញភារកិច្ចជូនប្រជាជនពេលមានគ្រោះមហន្តរាយ នេះ។
លោកទេសរដ្ឋមន្ត្រីអនុប្រធានទី១ បានជំរុញសូមឲ្យតាមដានជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយ ផលប៉ះពាល់ ការខូចខាត បាត់បង់ និងរាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក ដើម្បីមន្ត្រីបំពេញភារកិច្ចធ្វើការបញ្ចូលទិន្នន័យការខូចខាត និងបាត់បង់ និងតម្រូវការឱ្យបានទៀងទាត់ទៅក្នុងប្រព័ន្ធព័ត៌មានទាន់ ហេតុការណ៍និងតាមដានសភាពការណ៍ (ព្រីសឹម) ដើម្បីឱ្យថ្នាក់ខេត្ត និងថ្នាក់ជាតិយកទិន្នន័យនេះមកប្រើប្រាស់មានលក្ខណៈងាយស្រួយ និងមានលក្ខណៈជាប្រព័ន្ធ និងចែករំលែកដល់អ្នកពាក់ព័ន្ធសម្រាប់មុខការទាន់ពេលវេលា ។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមានសម្តេចតេជោហ៊ុនសែនជាប្រធានស្នើសូមបន្តការចូលរួមពីសូមស្នើបន្ត ការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័នពាក់ព័ន្ធលើការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ ដោយបន្តគាំទ្រផ្នែកវិស្វកម្ម ការដឹកជញ្ជូនការរុករកសង្គ្រោះ ការរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ ការផ្តល់សេវាសុខាភិបាលអនាម័យ ទឹកស្អាត ការស្តារឡើងវិញបឋមមានពូជស្រូវ បន្លែជាដើមតាមរយៈប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា។ល។
ទេសរដ្ឋមន្ត្រីគន់ គីម បានលេីកឡេីងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរលេខ ០២សរ ស្តីពីការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួងស្ថាប័ន ឃើញថាក្រសួង ស្ថាប័នជាច្រើនបានបង្កើតហើយ តែចំពោះក្រសួង ស្ថាប័នដែលមិនទាន់បានបង្កើតសូមរៀបចំបង្កើត ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយ។
ជាក់ស្តែងឆ្នាំ២០២០ នាពេលបច្ចុប្បន្ននេះ ខណៈដែលការរីករាលដាលនៃជំងឺកូវីដ–១៩ មិនទាន់បញ្ចប់នៅឡើយនោះ ត្រូវអប់រំការយល់ដឹងដល់ប្រជាជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់ រៀនរស់តាមសភាពធម្មតាបែបគន្លងថ្មីគឺសុខភាពអនាម័យខ្ពស់ លាងដៃ ពាក់ម៉ាស់ គម្លាតសុវត្ថិភាពសង្គម ដែលជាប្រការចាំបាច់ និងជាគន្លឹះសម្រាប់បង្ការមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗផងដែរ៕ដោយ៖ស តារា