ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើប្រាស់នូវ ឆន្ទានុសិទ្ធិ ដោយបំពានច្បាប់នឹងក្លាយជាមូលដ្ឋាន នៃការអនុវត្តវិធានការវិន័យម៉ឺងម៉ាត់ និងតឹងរ៉ឹងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ចែករំលែក៖

ភ្នំពេញ ៖ អង្គសន្និបាតក្រសួងយុត្តិធម៌បានសម្រេចដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធការប្រើប្រាស់ឆន្ទានុសិទ្ធិ របស់ចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងក្នុងការសម្រេចសេចក្តី។ ចៅក្រម ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង ត្រូវប្រើឆន្ទានុសិទ្ធិខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវពិនិត្យពិចារណាឱ្យបានល្អិតល្អន់ដោយផ្អែកលើ សំអាងហេតុ សំអាងច្បាប់ និង ភស្តុតាង ច្បាស់លាស់។ ការប្រើប្រាស់នូវ ឆន្ទានុសិទ្ធិ ដោយបំពានច្បាប់នឹងក្លាយជាមូលដ្ឋាន នៃការអនុវត្តវិធានការវិន័យម៉ឺងម៉ាត់ និងតឹងរ៉ឹងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ធ្វើបែបនេះដើម្បីធានាបាននូវសង្គតិភាព និងការឯកភាពគ្នាសម្រាប់ការអនុវត្តរបស់សាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ។

លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌មានបញ្ជាក់ថា រាល់សិទ្ធិអំណាចដែលច្បាប់ប្រគល់ឱ្យមិនមែនចេះតែធ្វើទៅតាមចិត្តចង់នោះទេ ពោលត្រូវប្រើសិទ្ធិអំណាចដែលទទួលបានដើម្បីស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្ដិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅឆ្នាំ២០២៥ រៀបចំនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នាអង្គសន្និបាតបានជំរុញឱ្យ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និង មន្ត្រីរាជការគ្រប់រូប ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការចាត់ការសំណុំរឿងឱ្យបាន ម៉ឺងម៉ាត់ ត្រឹមត្រូវ និង យុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ចំណែកពាក់ព័ន្ធការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ នៅតែជាការងារ អាទិភាពត្រូវបន្តរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ឡើយចំពោះអ្នកល្មើសវិន័យ។

អង្គសន្និបាតបានជំរុញឱ្យ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និង មន្ត្រីរាជការគ្រប់រូប ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការចាត់ការសំណុំរឿងឱ្យបាន ម៉ឹងម៉ាត់ ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជា ធរមាន។ អង្គសន្និបាតបានគាំទ្របន្តលើកកម្ពស់ការអនុវត្តនូវគោលការណ៍ “គុណាធិបតេយ្យ” ក្នុងវិស័យយុត្តិធម៌ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ការលើកទឹកចិត្តនានាដល់មន្ត្រីរាជការ និងមន្ត្រីតុលាការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់, ការទទួលខុសត្រូវខ្ពស និងមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេស បានកសាងស្នាដៃធំៗបម្រើឱ្យវិស័យយុត្តិធម៌ និងសង្គមជាតិ។

ក្នុងនោះអង្គសន្និបាតបានកត់សម្គាល់អំពីការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ ដែលនៅតែជាការងារ អាទិភាពត្រូវបន្តរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖