ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៦០០ម៉ែត្រនៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ២កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រីលឹម ម៉ារីណា ម្ចាស់ជំនួយចំណាយក្នុងការស្ថាបនា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៦០០ម៉ែត្រទទឹង១០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះដែរក៏មានការចូលរួមពីលោកលោកស្រី ជាអភិបាលរងខណ្ឌ , លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ និង បងប្អូនប្រជាពលរដ្ឋជាង២០០នាក់ផងដែរ ។
ក្នុងពិធីនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការតាមដានការអនុវត្តគម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែស្ថាបនាផ្លូវ។ ចំណែកក្រុមហ៊ុនដែលអនុវត្តគម្រោង ត្រូវស្ថាបនាប្រកបដោយគុណភាពដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៏ទទួលបានការសរសើរពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ ។ លើសពីនេះទៀតសូមបងប្អូនដែលមានលំនៅឋានអមសងខាងផ្លូវត្រូវមានការយោគយល់បង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដែលកំពុងដំណើការស្ថាបនាផ្លូវបេតុងនេះ។ ពេលស្ថាបនារួចរាល់ផ្លូវបេតុងនេះមិនជារបស់ម្ចាស់ជំនួយទេគឺជារបស់បងប្អូនទាំងអស់គ្នាទុកសម្រាប់ប្រើប្រាស់ជាសម្បត្តិរួម ។
លោកអភិបាលខណ្ឌបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ បើត្រូវការសេវាណាមួយ សូមអញ្ជើញទៅការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ខ្លួនឯង ដើម្បីទទួលសេវា កុំពឹងគេ បើកាលណាបងប្អូនពឹងគេ គេយកលុយលើសហើយហើយបងប្អូនចេះតែដាក់បន្ទុកមកលើអាជ្ញាធរស្នើសុំលុបបំបាត់អ្នកកណ្តាល យើងអត់ត្រូវការអ្នកកណ្តាលទេ។ យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែលមកទទួលសេវា ប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា។
ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុខសញ្ញាប្រព្រឹត្តបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរនឹងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពដែរ ។
នៅក្នុងឱកាសនេះដែរលោកអភិបាលខណ្ឌបានអរគុណដល់លោកស្រីលឹម ម៉ារីណា ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការចំណាយថវិកាដើម្បីស្ថាបនាផ្លូវបេតុង១ខ្សែនេះជាចំណងដៃដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូង១។ ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅលោកសង្ឃឹមថា លោកស្រី និងក្រុមការងារបន្តចូលរួមចំណែកក្នុងការស្ថាបនាផ្លូវបេតុងនៅតាមសង្កាត់ផ្សេងៗទៀតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ៕

ដោយ៖សណ្ដោស


ចែករំលែក៖