ប្រទេសអូស្រ្តាលី៖ ការឆ្លងរាលដាលកូវីដ-១៩ ជាលើកទីពីរនៅក្នុងរដ្ឋVictoria ប្រទេសអូស្ត្រាលី មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ ហើយនៅថ្ងៃទី២២ខែកក្កដានេះមានអ្នកឆ្លងថ្មីកើនឡើងជាប្រវត្តិសាស្ត្រ។
ស្ថានភាពនាពេលនេះរដ្ឋាភិបាល រដ្ឋ Victoria អាចនឹងបន្តបិទទ្វាររយៈពេលយូក្រោយពេលរកឃើញមានករណីឆ្លងច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លងកូវីដ-១៩ ថ្មីនៅរដ្ឋVictoria មានរហូតដល់ទៅ ៤៨៤ នាក់។
តាមតួលេខរបស់ AFP បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅប្រទេសអូស្ត្រាលីមានសរុបកើនឡើងដល់ទៅ ១២ ៤០០ នាក់ និងស្លាប់១២០នាក់ ។ អភិបាលរដ្ឋVictoria លោក Daniel Andrew បានលើកឡើងថា ចំនួនអ្នកឆ្លងថ្មីក្នុងរដ្ឋនេះ មានដល់ទៅ៤៨៤នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង។ ចំណែក អ្នកឆ្លងសរុបក្នុងរដ្ឋនេះមាន ដល់ទៅ៣៤០០នាក់។
មន្ត្រីក្នុងរដ្ឋ Victoria បានខិតខំ គ្រប់គ្រងសម្បុកកូវីដ-១៩ នៅទីក្រុង Melbourne ដែលជាទីក្រុងមានពលរដ្ឋ ដល់ទៅ៥លាននាក់ ។ ពលរដ្ឋនៅទីក្រុងនេះត្រូវបានស្នើឲ្យពាក់ម៉ាស់ ពេលធ្វើដំណើរនៅទីសាធារណៈ ចាប់ពីយប់ថ្ងៃទី២២ខែកក្កដានេះ។
ចំណែកនៅទូទាំងប្រទេសវិញ ក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លង ដល់ទៅ៥០២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសុរបកើនឡើងដល់ទៅ១២.៧០៤នាក់និងស្លាប់១២៨នាក់ផងដែរ៕ដោយ៖ធី រីណា