ប្រទេសថៃ៖ នៅថ្ងៃទី២២ខែកក្កដា មជ្ឈមណ្ឌលគ្រប់គ្រង ការឆ្លងរាលដាលកូវីដ-១៩ ថៃ (CCSA) បានប្រកាសថា ថៃនឹងបន្ត រក្សាស្ថានភាពអាសន្ន បន្ថែម១ខែទៀត រហូតដល់ថ្ងៃទី៣១ខែសីហា។ ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបញ្ចប់នៅចុងខែកក្កដា ។
អ្នកនាំពាក្យ (CCSA) លោក Taweesilp Visanuyothin បានបញ្ជាក់ថា ការបន្តពន្យារពេលគ្រាមានអាសន្ននៅទូទាំងប្រទេស គឺជារឿងចាំបាច់បំផុតដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ កើនឡើងខ្ពស់នៅលើពិភពលោក។ ជាមួយគ្នានេះដែរ ថៃក៏បានអនុញ្ញាតឲ្យជនបរទេសចូលក្នុងប្រទេសថៃ វិញ ដែលជាហេតុអាចធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ នៅថៃកើនឡើងវិញ។
ច្បាប់គ្រាមានអាសន្នថៃ គឺបានផ្តល់សិទ្ធ ដល់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា អាចសម្រេចគោលនយោបាយចាំបាច់ ដើម្បីរារាំង ការឆ្លងរាលដាលកូវីដ-១៩។ ច្បាប់គ្រាមានអាសន្នគឺអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអាចប្រើប្រាស់ ទាំងកម្លាំងទាហាន ប៉ូលិស ក្នុងពេលចាំបាច់បំផុត ដើម្បីផលប្រយោជន៍ប្រទេសជាតិ។
ការពីថ្ងៃទី១១ខែកក្កដានេះដែរ ថៃ បានអនុញ្ញាតឲ្យ ជនបរទេស មានសិទ្ធ ចូលក្នុងទឹកដីថៃ ប៉ុន្តែសំដៅទៅលើក្រុមអ្នកជំនួញ ក្រុមអ្នកឯកទេស ក្រុមមន្ត្រីការបរទេស និងសុខភាពិភាកជាដើម ប៉ុន្តែក៏ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។
ជាមួយគ្នានេះដែរ ថៃមានគម្រោង ឲ្យពលករបរទេសប្រមាណ៧០ពាន់នាក់ មកពីប្រទេសជិតខាងចូលទៅក្នុងប្រទេសថៃវិញ។ ភាគច្រើន ពលករបរទេស ធ្វើការក្នុងវិស័យ សំណង់ ផលិត និងនេសាទ ៕ដោយ៖ធី រីណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច