កីឡាអន្តរជាតិ៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបាននិយាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការសម្រេចចិត្តដ៏លំបាកនៅ Manchester United ចំពេលមានភាពមិនប្រាកដប្រជាចំពោះអនាគតរបស់អ្នកចាំទីដៃទី១ David de Gea ។
ទម្រង់លេងរបស់ De Gea បានក្លាយជាចំណុចក្តៅបន្ទាប់ពីអ្នកចាំទីរូបនេះបានធ្វើឱ្យមានកំហុស២ដងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ធ្វើឲ្យក្រុមបិសាចក្រហមចាញ់ក្រុមតោខៀវ Chelsea ៣-១ កាលពីថ្ងៃអាទិត្យ។
ក្រោយការប៉ះគ្នាកាលពីថ្ងៃពុធជាមួយក្រុម West Ham ក្នុងលទ្ធផលស្មើ ១ទល់១ លោក Solskjaer បាននិយាយថា លោកបានត្រៀមខ្លួនដើម្បីធ្វើការសម្រេចចិត្តដ៏លំបាកមួយសម្រាប់ក្រុមបិសាចក្រហម និងព្យាយាមពីរកកៅអី Top 4។ អ្នកចាត់ការទូទៅរបស់ក្រុម Man United រូបនេះបានប្រាប់បណ្តាញសារព័ត៌មានចក្រភពអង់គ្លេសថា “រាល់ការសម្រេចចិត្តគឺជាការសម្រេចចិត្តដ៏ធំមួយនៅទីនេះ ដូច្នេះអ្នកត្រូវតែធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ក្រុម និងក្លឹប។ យើងនឹងធ្វើវានៅថ្ងៃអាទិត្យ ហើយបន្ទាប់មកនៅពេលរដូវកាលបញ្ចប់យើងនឹងធ្វើការសម្រេចចិត្តបន្ថែមទៀត”។
លោក Solskjaer បានបន្តថា “ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ គឺយើងនៅជាមួយគ្នាជាក្រុម ហើយដូចដែលខ្ញុំបាននិយាយហើយថា អ្នកចាំទីរបស់យើងបានបង្ហាញឱ្យឃើញកំហុសឆ្គង ប៉ុន្តែយើងនៅតែជាក្រុមតែមួយ”។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហមបានភ្លាត់ស្នៀតចាញ់ក្រុមតោខៀវ Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យកន្លងទៅ។ សម្រាប់ក្រុម Manchester Unitedនៅសល់១ប្រកួតទៀតនឹងត្រូវប៉ះគ្នាជាមួយក្រុម Leicester City នៅថ្ងៃទី២៦ កក្កដាខាងមុខ ដើម្បីប្រកួតបញ្ចប់រដូវកាល២០១៩-២០២០របស់លីគកំពូលអង់គ្លេស។ ក្រុមបិសាចក្រហមក៏ត្រូវស្វាគមន៍ក្រុមភ្ញៀវ LASK ក្នុងពានរង្វាន់ UEFA Europa League ជើងទី២នៅថ្ងៃទី៦ ខែសីហា ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គ៨ក្រុមបន្តទៀត ៕ដោយ៖ភារៈ