ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិត្តភក្តិយកទៅបញ្ចាំបាន២ខែម្ចាស់ម៉ូតូឃើញចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានលួចម៉ូតូពីយុវជនម្នាក់ទៀតដែលត្រូវជាមិត្តភក្តិនឹងគ្នាខណៈកំពុងដេកក្នុងផ្ទះសំណាក់ជាមួយគ្នាយកទៅបញ្ចាំយកលុយស៊ីចាយហើយគេចខ្លួនបានជាង១ខែត្រូវម្ចាស់ម៉ូតូឃើញក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៥០ នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ នៅក្បែររោងចក្រទឹកកក ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ំ វុត្ថា ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅជាមួយម្ដាយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកជនរងគ្រោះមានឈ្មោះខុន វិផា ភេទប្រុស អាយុ២៣ ឆ្នាំ ស្នាក់នៅជាមួយម្ដាយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB-9414។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យនិងរូបគេត្រូវជាមិត្តភក្តិនឹងគ្នាតាំងពីនៅវ័យកុមារមកម្ល៉េះ ហើយនៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ រូបគេនិងជនសង្ស័យបានជិះម៉ូតូទៅដេកនៅផ្ទះសំណាក់យីហោដារីយ៉ានៅម្ដុំផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ លុះនៅវេលាទៀបភ្លឺ រូបគេកំពុងតែដេកលក់ស្រាប់តែជនសង្ស័យបានលួចយកម៉ូតូទៅបាត់ហើយបានគេចខ្លួនតាំងពីថ្ងៃនោះមក។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបាត់ម៉ូតូបានរយៈពេល ២ថ្ងៃរូបគេក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងរកចាប់ខ្លួនជនសង្ស័យដែរ។

ចំណែកជនសង្ស័យបានគេចខ្លួនរយៈពេលជាង១ ខែ លុះមកដល់ថ្ងៃកើតហេតុរូបគេក៏ប្រទះឃើញជនសង្ស័យដោយចៃដន្យនៅចំណុចទីតាំងកើតហេតុខាងលើក៏ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។បើតាមចម្លើយជនសង្ស័យបានសារភាពថាម៉ូតូដែលរូបគេលួចយកទៅនោះគឺយកទៅបញ្ចាំនៅហាងមួយកន្លែងដោយបានលុយចំនួន៥០០ ដុល្លារហើយបានចែកទៅឲ្យម្ដាយទុកគ្រាន់ទិញប្រហិតយកមកលក់និងមួយចំនួនទៀតរូបគេទុកគ្រាន់សុីចាយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖ផេង ភាព


ចែករំលែក៖