ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើត «សាជីវកម្មធានាឥណទាន» គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំឯកសារទស្សនាទានសម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន (Credit Guarantee) នៅកម្ពុជា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្ត្រីជំនាញការអន្តរជាតិ ផងដែរ, នារសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

«គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាន» នេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។

«សាជីវកម្មធានាឥណទានកម្ពុជា» មានតួនាទី ផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាននិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។ ជារួម, បន្ទាប់ពីពិភាក្សាអំពីគោលបំណង, ទម្រង់នៃការបង្កើត, បញ្ហាប្រឈមដែលរំពឹងទុកក្នុងដំណើរការនៃ ការបង្កើត និងផែនការសកម្មភាពនៃការអនុវត្តគម្រោង, អង្គប្រជុំបានឯកភាពជាគោលការណ៍ លើឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា ៕ដោយ៖សិលា


ចែករំលែក៖