ភ្នំពេញ៖ តារាសម្តែងស្រី មាន សូនីតា បានបង្ហាញសារដ៏រសើបនិងប្រតិកម្មទៅនឹងគណនីយហ្វេសប៊ុក(Facebook Page) មួយបានបង្ហោះរូបថតអមដោយសារដ៏អសីលធម៌មិនអាចទទួលយកបាន។
គណនីយហ្វេសប៊ុកឈ្មោះEntertainment បានប្រើប្រាស់រូបថតនាងមួយចំនួនអមដោយរូបភាពបុរសកំពុងគេងម្នាក់ ភ្ជាប់ដោយសារយ៉ាងអសីលធម៌ ដែលតារាស្រីរូបនេះពិបាកនឹងទទួលយក រហូតនាងប្រតិកម្មភ្លាមៗ។ ក្រៅពីការប្រតិកម្មនឹងសារដ៏ស្មោកគ្រោក តារាស្រីរូបនេះត្រូរវការជំនួយដោយនាងបានស្នើឲ្យអ្នកគាំទ្រនាងជួយធ្វើការReport ឲ្យមានការបិទទៅលើគនីយហ្វេសប៊ុកមួយនេះ ដែលនាងចាត់ទុកថាជាការធ្វើអាជីវកម្មផ្លូវភេទ នាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូចំពោះនាងនិងសង្គម។ នាងបានលើកឡើងដែរថាម្ចាស់គនីយខាងលើបានប្រើប្រាស់រូបថតនាងដោយមិនបានសុំការអនុញ្ញាតិ និងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពោលគឺចង់ល្បីឈ្មោះគណនីយហ្វេសប៊ុកនេះតែប៉ុណ្ណោះ។
តារាស្រីរូបនេះលើកឡើងថា”មនុស្សខ្លះសីលធម៌នៃការរស់នៅមិនសូវមាន ដែលពោរពេញដោយភាពឈ្លើយទាំងពាក្យសម្តីទាំងកាយវិការ…។ មនុស្សខ្លះហេតុតែចង់មានចង់បានខ្លាំងពេក រហូតបណ្តាលឱ្យបាត់បង់ភាពថ្លៃថ្នូរ ហ៊ានប្រព្រឹត្តទង្វើថោកទាបដែលសង្គមស្អប់ខ្ពើម។ នាងថា”កុំព្រោះតែផលប្រយោជន៍ ធ្វើឱ្យបាត់បង់សតិលែងដឹងខុសត្រូវ អាក្រក់ល្អ ក្លាយជាមនុស្សឆ្គួតវង្វេងបាត់ម្ចាស់ការលើខ្លួនឯងដោយទង្វើដែលគេហៅថា …រោគចិត្ត ឬ មនុស្សឆ្លៀតឱកាស មនុស្សដែលមិនស្គាល់ច្បាស់ពីតម្លៃខ្លួនពិតប្រាកដ និងដឹងពីតម្លៃពិតស្ថិតនៅត្រង់ណា”។ ជាមួយគ្នានេះនាងក៏បានបង្ហាញពីវិធីសាស្ត្រនៃការធ្វើReport ដើម្បីធ្វើការបិទគណនីយហ្វេសប៊ុកមួយនេះឲ្យលែងមានវត្តមានបន្ត។ មានអ្នកគាំទ្រតារាស្រីរូបនេះជាច្រើនបានបង្ហាញសារប្រតិកម្មឈឺឆ្អាលចំពោះទង្វើអសីលធម៌ដែលមិនអាចទទួលយកបានរូបនេះ ដែលពួកគេចាត់ទុកដែរថាជាការប្រមាថមើលងាយតម្លៃស្ត្រីក្នុងសង្គម ។ អ្នកគាំទ្រនាងជាច្រើនក៏បានស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការពិនិត្យស្រាវជ្រាវស្វែងរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរដើម្បីជាគំរូសម្រាប់ជនដទៃ។
គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទី១ទេដែលរូបថតសិល្បករជាច្រើនត្រូវបានជនអណាមឹកប្រើប្រាស់ដើម្បីផលប្រយោជន៍ពីការចូលLike លើគេហទំព័ររបស់ខ្លួន និងបានប្រើប្រាស់រូបថត និងឈ្មោះសិល្បករប្រុសស្រីនានាដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ៕ដោយ៖វឌ្ឍនា