ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool ប្រារព្ធពិធីលើកពានក្រោយឈ្នះតោខៀវ Chelsea ខណៈបិសាចក្រហម Man Utd ឡើងឈរលេខ៣

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្រុមហង្សក្រហមបានប្រារព្ធពិធីអបអរសាទរថ្ងៃលើកពានលីគកំពូលអង់គ្លេសរបស់ខ្លួនកាលពីយប់មុិញ ក្រោយឈ្នះ Chelsea ក្នុងលទ្ធផល ៥ទល់៣។ ប្រធានក្រុម Liverpool កីឡាករ Jordan Henderson បានលើកពាន Premier League នៅជិតកីឡដ្ឋាន Anfield ដើម្បីអបអរជ័យជម្នះរបស់ក្លឹបដែលខកខានរយៈពេល៣០ឆ្នាំ។

៥គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករ Keïta នៅនាទីទី២៣, កីឡាករ Alexander-Arnold នៅនាទីទី៣៨, កីឡាករ Wijnaldum នៅនាទីទី៤៣, កីឡាករ Roberto Firmino នៅនាទីទី៥៤ និងកីឡាករ Oxlade-Chamberlain នៅនាទីទី៨៤។ ខណៈដែល៣គ្រាប់របស់ក្រុមតោខៀវរកបានដោយកីឡាករ Giroud នៅនាទីទី៤៥, កីឡាករ Abraham នៅនាទីទី៦១ និងកីឡាករ Pulisic រកបាននៅនាទីទី៧៣ ។

Henderson បានទទួលពានរង្វាន់ពីវីរបុរសរបស់ហង្សក្រហមលោក Sir Kenny Dalglish ដែលជាអ្នកគ្រប់គ្រងក្លឹបនៅពេលដែល Liverpool បានឈ្នះពាននេះកាលពីឆ្នាំ១៩៩០។

កីឡាករ Henderson បាននិយាយថា “យើងបានរង់ចាំជាយូរមកហើយ វាពិតជាអស្ចារ្យណាស់ដែលក្រុមយើងសមនឹងទទួលបានពានរង្វាន់នេះ”។ ជាមួយគ្នានេះអ្នកគាំទ្រនៅក្រៅទឹកដីកីឡដ្ឋាន Anfield ជាច្រើននាក់បានអបអរសាទរជាមួយនឹងពិធីលើកពាននេះផងដែរ ។

ដោយឡែកក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើជាមួយក្រុមញញួរធំ West Ham United ក្នុងលទ្ធផល ១ទល់១ ធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន១ពិន្ទុឡើងទៅឈរចំណាត់ថ្នាក់លេខ៣ លើក្រុមតោខៀវ Chelsea ដែល៦៣ពិន្ទុដូចគ្នា ប៉ុន្តែឈ្នះគ្រាប់បាល់។

ក្រុមបិសាចក្រហមបានព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវ West Ham ប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ រហូតដល់ជិតចប់តង់ទី១ទៅហើយ ពោលគឺនៅនាទីទី៤៥+២កីឡាករខ្សែបម្រើរបស់ក្រុមបិសាចក្រហម Paul Pogba បានបង្កកំហុសដោយបាល់ប៉ះដៃ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រស៊ុតដោយកីឡាករ Michail Antonio ធ្វើឲ្យក្រុមភ្ញៀវនាំមុខ១ទល់០។

ចូលដល់តង់ទី២នៅនាទីទី៥១ ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានស៊ុតចូល១គ្រាប់សងវិញធ្វើឲ្យក្រុមបិសាចក្រហមតាមស្មើក្រុមភ្ញៀវ ១ទល់១។ លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន៦៣ពិន្ទុឡើងឈរលេខ៣ ដោយមាន៦៣ពិន្ទុស្មើជាមួយក្រុមតោខៀវ ប៉ុន្តែបិសាចក្រហមមានគ្រាប់បាល់ចំណេញច្រើនជាង។

សូមបញ្ជាក់ថា លីគកំពូលអង់គ្លេសនៅសល់១ប្រកួតទៀតនឹងចប់រដូវកាលហើយ ក្នុងនោះក្រុមបិសាចក្រហម នឹងត្រូវប៉ះក្រុម Leicester City នៅថ្ងៃអាទិត្យនេះ ដែលកំពុងឈរលេខ៥ ហើយដាច់ខាតក្រុមបិសាចក្រហមត្រូវតែស្មើ ឬឈ្នះទើបមានកៅអីទៅលេង Champions League រដូវកាលក្រោយបាន។ ចំណែកក្រុម Chelsea ត្រូវប៉ះជាមួយក្រុម Wolverhampton Wanderers នៅក្នុងទឹកដី ដែលចាំបាច់ត្រូវការឈ្នះដែរទើបមានកៅអីទៅលេង Champions League ដូចគ្នា។ ដូច្នេះក្រុមទាំង៣នេះសុទ្ធតែត្រូវការ៣ពិន្ទុដើម្បីឈរចំណាត់ថ្នាក់ Top 4 ក្នុងការដណ្តើមកៅអីគ្នាទៅលេងលីគកំពូលអឺរ៉ុបរដូវកាលក្រោយ ៕ដោយ៖ភារៈ


ចែករំលែក៖