ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​ការពារជាតិ​អាមេរិក គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដើម្បី​ជជែក​គ្នា​ពី​ការជំរុញ​ទំនាក់ទំនង​អំឡុងពេល​មាន​វិបត្តិ

ចែករំលែក៖

អន្តរជាតិ៖ លោក ម៉ាក អេស្ពើ​(Mark Esper) រដ្ឋមន្ត្រីការពារជាតិអាមេរិកបានអះអាងកាលពីថ្ងៃទី២១ ខែកក្កដាថ្មីៗនេះថា ខណៈដែលមហាអំណាចប្រទេសទាំងពីរកំពុងមានបញ្ហាប្រទាំងប្រទើសលើភូមិសាស្ត្រនយោបាយនិងវិបត្តិជំងឺសាកលជាដើមនោះ លោកគ្រោងធ្វើទស្សនកិច្ចទៅប្រទេសចិនដើម្បីជជែកគ្នាពីការជំរុញទំនាក់ទំនងអំឡុងពេលមានវិបត្តិទាំងនេះ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ បានចេញផ្សាយថា ការអះអាងរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ធ្វើឡើងក្នុងសុន្ទរកថាមួយនៅវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ (IISS) ដោយលោក បញ្ជាក់ថា នៅមុនដំណាច់ឆ្នាំ២០២០ លោកសង្ឃឹមថា នឹងធ្វើទស្សនកិច្ចទៅចិនដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនងដ៏សំខាន់មួយក្នុងការឆ្លើយតបលើភាពតានតឹងរវាងប្រទេសទាំងពីរ ដ៏ដូចជាពង្រឹងការប្រកួតប្រជែងដោយចំហរនៅក្នុងប្រព័ន្ធអន្តរជាតិ

លោករដ្ឋមន្ត្រីការពារជាតិអាមេរិកលើកឡើងបែបនេះស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងតែមើលមុខគ្នាមិនចំលើបញ្ហាសមុទ្រចិនខាងត្បូង ហុងកុង កោះតៃវ៉ាន់ ពាណិជ្ជកម្ម COVID-19 និងបញ្ហាជាច្រើនទៀត ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង លោកអេស្ព័ បានប្រាប់ចិនថាអាមេរិក មិនចង់បង្កជម្លោះអ្វីឡើយ ប៉ុន្តែចិនក៏មិនមានសិទ្ធិ ក្នុងការក្រសោបយកដែនទឹកអន្តរជាតិ ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់ប្រទេសដទៃ មកធ្វើជាអាណាចក្រសមុទ្រផ្ទាល់ខ្លួនដែរ

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺមានភាគីជម្លោះចំនួន ដូចជាចិនម៉ាឡេស៊ី វៀតណាម ព្រុយណេ និងហ្វីលីពីន ចិនទាមទារស្ទើរទាំងស្រុងដែនសមុទ្រមួយនេះ ខណៈប្រទេសផ្សេងទាមទារតំបន់ដែលនៅក្បែរខ្លួនប៉ុណ្ណោះ ចិនបានបង្កើនឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់សមុទ្រ ពិសេសពង្រឹងសមត្ថភាពយោធានៅតាមកោះដែលគ្រប់គ្រង

ក្រៅពីគម្រោងធ្វើទស្សនកិច្ចទៅចិន ប្រមុខការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការគំរាមកំហែងរបស់ចិន មកលើកោះតៃវ៉ាន់ផងដែរ បើតាមលោកអេស្ព័ក្នុងពេលថ្មីៗនេះ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធយោធាយ៉ាងខ្លាំង ក្នុងគោលបំណងវាយប្រហារលើកោះតៃវ៉ាន់ យ៉ាងណារដ្ឋមន្ត្រីការពារជាតិអាមេរិក សង្ឃឹមថា បក្សកុម្មុយនិស្តចិន នឹងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទៅលើតៃវ៉ាន់ ព្រោះអាមេរិក ក៏កំពុងត្រៀមខ្លួន ដើម្បីទប់ស្កាត់សកម្មភាពវាយប្រហាររបស់ចិនដែរ

សូមជម្រាបថា កាលពីពេលថ្មីៗនេះ កងទ័ពចិន បានធ្វើសមយុទ្ធយោធាមួយក្បែរប្រជុំកោះ Paracel នៃសមុទ្រចិនខាងត្បូង ហេតុការណ៍នេះ ធ្វើឲ្យក្រសួងការពារជាតិអាមេរិក រិះគន់ថា ចិនបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់មួយកម្រិតទៀត ដើម្បីទប់ស្កាត់ការអុងអាត់របស់ចិនសហរដ្ឋអាមេរិកក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួនពីរគ្រឿងទៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំវិញម្តង ដោយសមយុទ្ធនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ «​យុទ្ធសាស្ត្រឥណ្ឌូ​-​ប៉ាស៊ីហ្វិក សេរី និងបើកចំហរ​»៕ដោយ៖ស តារា


ចែករំលែក៖