ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាសរកឃេីញការផ្ទុះឡើង នៃជំងឺឈីកគន់ហ្គន់យ៉ានៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ មន្ត្រីក្រសួង​ សុខា​ភិបាលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានចេញសេចក្តីជូនព័ត៌មានពី​ ការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា (Chikungunya) ហៅកាត់ថា ឈីក (CHIK)​ ស្ថិតនៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរយៈសេច​ក្តីជូនដំណឹងខាងលេីបាន​បញ្ជាក់ថា​ ក្នុងពេលថ្មីៗនេះ មានការកើត​ចេញនូវជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK)​ នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ​ ខណៈ​ក្រុម​ការងារ​ស្រាវ​ជ្រាវ​រកឃេីញថា​ ចាប់តាំងពីថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២០​ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិ
អូរនាង និងភូមិអូរឬស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទូលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្មវិធីជាតិផ្តល់ថ្នាំបង្ការក្រុមគ្រូពេទ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវអង្កេតទៅដល់ភូមិទាំង ០៦ខាងលើនេះ និងផ្ទះប្រជាពលរដ្ឋដែលមានបញ្ហា ដើម្បីពិនិត្យស្ថានភាពសុខភាព​ ជាក់ស្តែង បានចំនួន ១៦៨នាក់ (ស្រី ៩៥នាក់) និងបានបញ្ជូនបុគ្គលដែលមានបញ្ហាសុខភាព មកពិនិត្យនិងសម្រាក​ ព្យាបាលនៅមណ្ឌលសុខភាពប៉ោយ​ ប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានចំនួន៣២នាក់​ (ស្រី២៣នាក់) ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ពួក​គាត់ មានសភាពបានធូរស្បើយហើយ។ស្របតាមលក្ខណៈបច្ចេកទេស ក្រុមការ​ងារ ក៏បានប្រមូលសំណាកវត្ថុវិភាគ​ឈាម ចំនួន២២នាក់ (ស្រី ១២នាក់) ដើម្បីធ្វើតេស្តវិភាគរកមើលវីរុសគ្រុនឈីក (CHIK) និងមើលរកវីរុសកញ្ជឹល-ស្ទួច (Measles – Rubella) ចំនួន ៦០នាក់​ (ស្រី ៣៧នាក់) និងយក​សំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន២២នាក់ (ស្រី១១នាក់) ផងដែរ។

ក្រុម​ការងារ​ក្រសួង​សុខាភិបាល​បញ្ជាក់ថា​ សំណាកទាំងអស់នេះ ត្រូវបានបញ្ជូន​ទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលលទ្ធផលជាបឋមចេញនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា ជាករណីជំងឺគ្រុនឈីក។

គួរ​បញ្ជាក់​ថា​ ជំងឺគ្រុនឈីក (CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូង
នៅកម្ពុជា​ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងនៅឆ្នាំ២០១១ ក៏មានការ​បញ្ជាក់ពីករណីជំងឺនេះ នៅខេត្តបាត់​ដំបង សៀមរាប និងព្រះវិហារដែរ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០%
ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងផងដែរនៅក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះ
វិហារ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្ត​កណ្ដាល​ និង​ ខេត្ត​កែប​ ៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ​ ៖


ចែករំលែក៖