អន្តរជាតិ៖ សភាតៃវ៉ាន់បានអនុម័តប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះនេះដើម្បីបញ្ចៀសការយល់ច្រឡំថាជាក្រុមហ៊ុនអាកាសចរណ៍របស់ចិន។
សារព័ត៌មាន AFP បានផ្សាយថាក្រុមអ្នកបង្កើតច្បាប់កោះតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែកក្កដា បានបោះឆ្នោតប្តូរឈ្មោះក្រុមហ៊ុន China Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ក្នុងគោលដៅបញ្ចៀសការយល់ច្រឡំថាជាក្រុមហ៊ុនរបស់ចិន។
ក្រុមហ៊ុន China Airlines (CAL) ធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថាជាក្រុមហ៊ុន Air China ដែលជាក្រុមហ៊ុនរបស់រដ្ឋចិន។ កន្លងមកក៏មានការអំពាវនាវឲ្យផ្លាស់ប្តូរឈ្មោះ បញ្ចៀសការយល់ច្រឡំផងដែរ។ កន្លងមកកោះតៃវ៉ាន់បានបញ្ជូនបរិក្ខារពេទ្យជាច្រើនទៅជួយដល់បណ្តាប្រទេសជុំវិញពិភពលោក ហើយការដឹកជញ្ជូនតាមយន្តហោះ China Airlines ។ ប៉ុន្តែបណ្តាញព័ត៌មាន និងមនុស្សជាច្រើនយល់ច្រឡំថាជាក្រុមហ៊ុនអាកាសចរណ៍របស់ចិន។
ក្រុមតំណាងរាស្ត្រតៃវ៉ាន់បានស្នើឲ្យ ក្រសួងដឹកជញ្ជូនប្តូរឈ្មោះ បញ្ជៀសការយល់ច្រឡំតទៅទៀតពីសហគមន៍អន្តរជាតិ ដែលជាសកម្មភាពការពារផលប្រយោជន៍របស់កោះតៃវ៉ាន់។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលនេះកោះតៃវ៉ាន់ បានព្យាយាមបើប្រាស់ អត្តសញ្ញាណរបស់តៃវ៉ាន់ផ្ទាល់ បញ្ចប់ការជាប់ពាក់ព័ន្ធជាមួយចិន។ ចំណែក រដ្ឋាភិបាលទីក្រុងប៉េកាំងវិញបានចាត់ទុកកោះតៃវ៉ាន់ជាចំណែកមួយរបស់ចិន មិនអាចកាត់ផ្តាច់បាន ហើយចិននឹងប្រើកម្លាំងទាហានវាយប្រហារប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យនោះ៕ដោយ៖ធី រីណា