ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា ហាងខារ៉ាអូខេយីហោហុងកុង លួចលាក់បើកឲ្យភ្ញៀវចូលច្រៀងមិនស្ដាប់ការណែនាំរបស់ក្រសួងពាក់ព័ន្ធនោះ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះធ្វើអន្តរាគមន៍កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកណ្ដាលបានឱ្យដឹងថា ហាងខារ៉ាអូខេដែលនគរបាលចុះទៅពិនិត្យនោះឈ្មោះ ហុងកុង KTV ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំង ឈ្មោះ យូ ស្រង់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការនេះផងដែរ ជាលទ្ធផលសមត្ថកិច្ចពិនិត្យឃើញថា ទីតាំងឈ្មោះ ហុងកុង KTV បានបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេជាក់ស្តែងមានមួយបន្ទប់ ។
បន្ទាប់ពីធ្វើការពិនិត្យរួច អាជ្ញាធរក្រុងតាខ្មៅ បានឱ្យធ្វើកិច្ចសន្យា និងណែនាំឲ្យម្ចាស់ទីតាំងគោរពតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល៕ដោយ៖ស្អាង ជ័យ