ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រជាមួយនឹងការអ៊ុតកៅស៊ូនៅខាងជើងផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ចប់ហើយ ហើយបើគិតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងរៀបការ៉ូឡាលើចិញ្ចើមផ្លូវដើម្បីបញ្ចប់ការងារផងដែរ ។
លោកបានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចតំបន់ក្តាន់២ រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពល្អប្រសើរជាងមុន ខណៈតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ពាក់ព័ន្ធនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចតំបន់ក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ីខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)និងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។
ការកែសម្រួលប្រព័ន្ធចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)នឹងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល ។
ក្រោយពីដាក់ឱ្យដំណើរការភ្លើងស្តុបថ្មី និងការពង្រីកផ្លូវខាងលើនេះឃើញថា តំបន់ខាងលើនេះកាត់បន្ថយនូវការកកស្ទះចរាចរណ៍បានមួយចំនួនធំ ហើយក៏ទទួលបាននូវការកោតសរសើរនិងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
សូមបញ្ជាក់ថា ដើម្បីលើកសោភណភាព រាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អនោះរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាេយមហាវិថីសហព័ន្ធរុស្ស៊ីនេះប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។
មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ហួត សុខលីម បានបញ្ជាក់ថា គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល មាន៖
ដោយដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្ត ការដ្ឋានចេញពីការាសសាំងតូតាល់ដល់ផ្លូវR៦(ស្តុបក្តាន់២ ) មានប្រវែង៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ ។
ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ស្តុបវត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ៕ ដោយ៖សំរិត