ភ្នំពេញ៖ កម្ពុជា–ចិន នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺមុនពេលដែលសហភាពអឺរ៉ុប ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រមាណ២០ភាគរយពីកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជា–ចិន (២០១៩–២០២៣) នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំលើកពេលក្នុងកិច្ចប្រជុំជាឯកឧត្តម វ៉ាង យី ក្នុងថ្ងៃទី១១ ខែមិថុនាកន្លងមកធ្វើម៉េចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិននេះ ឱ្យបានមុនថ្ងៃទី១២ ខែសីហា ដែល EU បញ្ចប់ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមាណ២០ភាគរយនេះ […] ខ្ញុំស្នើធ្វើយ៉ាងម៉េចចុះហត្ថលេខាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនេះ ឱ្យបានមុនថ្ងៃទី១២ខែសីហា ភាគីចិន ក៏ព្រមព្រៀងបែបហ្នឹង ដូច្នេះ សម្តេចតេជោ ក៏បានត្រៀមខ្លួនអញ្ជើញទៅធ្វើជាអធិបតី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នឹងអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–ចិននេះផងដែរ ។បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានលើកឡើងថា កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ លោកធ្លាប់បានលើកឡើងផងដែថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា–ចិននេះមានន័យ២យ៉ាង គឺក្នុងន័យសេដ្ឋកិច្ចផង និងន័យនយោបាយផង។ ដោយក្នុងន័យសេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះ នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែអភិវឌ្ឍន៍រីកចម្រើន។ ដោយឡែកក្នុងន័យនយោបាយវិញ វាជាសារមួយបញ្ជាក់ទៅកាន់សហភាពអឺរ៉ុបថា កម្ពុជាមានច្រកសេដ្ឋកិច្ច ពិសេសមួយថែមទៀត ក្រៅពីសហភាពអឺរ៉ុប។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានគូសបញ្ជាក់ថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុតជាពិសេសក្នុងដំណាក់កាលដែលសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ដែលកំពុងតែរាតត្បាតនៃជំងឺកូវីដ–១៩ ខណៈប្រមុខដឹកនាំប្រទេសនានា មិនហ៊ានឈានជើងចូលក្នុងទឹកដីចិននោះ។ ត្រង់ចំណុចនេះហើយភាគីចិនបានអះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាឱកាសនោះជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ដូច្នេះហើយប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ជាក់ថាមិត្តភាពកម្ពុជា–ចិន ជាមិត្តភាពដែកថែបផងដែរ។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា–ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៩កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា–ចិន ដូច្នេះ ហើយទំនាក់ទំនងរវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេស លើគ្រប់ជ្រុងជ្រោយទាំងអស់។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប(EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA ។តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះមានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិកលើកផលិតផល៤១មុខរបស់កម្ពុជា។ សេចក្តីសម្រេចនេះនឹងចូលជាធរមាននៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះប្រសិនបើសភារបស់អឺរ៉ុប អនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ។
ក្រោយមានការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ក្រសួងការបរទេសកម្ពុជា, ក្រសួងពាណិជ្ជកម្ម, វិស័យឯកជនរបស់កម្ពុជា, សមាគមរោងច្រកកាត់ដេរកម្ពុជា និងរួមទាំងសហជីពកម្មកររាប់ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវកាខកចិត្តចំពោះការសម្រេចរបស់អឺរ៉ុបនេះនិងចាត់ទុកថាការសម្រេចនេះ គឺជារឿងអយុត្តិធម៌បំផុត៕ដោយ៖ស តារា