ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំបុកគូទរថយន្តស្ទួចពីក្រោយបាក់ជើងឆ្វេងសន្លប់ស្ដូក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តស្ទួចក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូនោះបាក់ជើងខាងឆ្វេងរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះឥន យ៉ាន  អាយុ៣៥ ឆ្នាំ មុខរបរកសិកររស់នៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១F -១៤២៩ ។

ចំណែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ នាង ម៉ៅ អាយុ២៣ឆ្នាំ មុខរបរបើកបរ រស់នៅភូមិរូបគោ  សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់ទុករថយន្តស្ទួចម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣CX ៥២៦៩នៅនឹងកន្លែង។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះនេះបានជិះម៉ូតូមួយគ្រឿងលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចដោយមិនប្រកាន់ស្ដាំហើយជ្រុលទៅបុករថយន្តស្ទួច ម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣CX-៥២៦៩ ចំកង់រថយន្តផ្នែកខាងក្រោយ ក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកេីតពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

បុរសរងរបួសត្រូវសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត រីឯមធ្យោបាយរថយន្តនិងម៉ូតូទាំងពីរគ្រឿងត្រូវអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖