អន្តរជាតិ៖ មានករណីចាប់ចំណាប់ខ្មាំងកើនឡើងនៅប្រទេសអ៊ុយក្រែននាថ្ងៃទី២៣ខែកក្កដានេះ ហើយជនដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងមិនមែនជាជនសុីវិល ដូចមុនឡើយគឺជាកម្លាំងប៉ូលិស។ ជនដៃដល់ប្រដាប់ដោយអាវុធ និងគ្រាប់រំសេវជាច្រើនបានចាប់ប៉ូលិសម្នាក់ធ្វើជាចំណាប់ខ្មាំងនៅតំបន់ Poltava ប្រទេសអ៊ុយក្រែន។
ក្រុមអ្នកស្រាវជ្រាវអ៊ុយក្រែនបានបញ្ជាក់ថា ជនដៃដល់ប្រដាប់ដោយអាវុធ មានកាំភ្លើងគ្រាប់បែក រំសេវផ្ទុះជាច្រើនទៀត ។
តាមសារព័ត៌មានUkraine Times បានផ្សាយថា កម្លាំងប៉ូលិស បានបើកការស្រាវជ្រាវជាពិសេសទៅលើជនដៃដល់ ចាប់ប៉ូលិសធ្វើជាចំណាប់ខ្មាំង។ ប៉ូលិសដែលត្រូវខ្មាន់កាំភ្លើងចាប់នោះគឺជា ប្រធានកម្លាំងប៉ូលិសស្រាវជ្រាវពាក់ព័ន្ធបទឧក្រិដ្ឋ នៅក្នុងទីក្រុងPoltava ។
ប៉ូលិសនៅទីក្រុងPoltava បានឲ្យដឹងថា នៅពេលនេះកម្លាំងប៉ូលិសបានឡោមព័ទ្ធតំបន់Ostap Vishny ដើម្បីចាប់ខ្លួនជនដៃដល់។ ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់បានតតាំងជាមួយកម្លាំងប៉ូលិសហើយព្រមានបំផ្ទុះគ្រាប់បែកទៀត។
នេះជាករណីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងជាលើកទីពីរហើយក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី២១ខែកក្កដា ខ្មាន់កាំភ្លើងបានចាប់មនុស្សនៅលើរថយន្តក្រុងធ្វើជាចំណាប់ខ្មាំង ប៉ុន្តែមិនមានករណីស្លាប់ឬរបួសនោះឡើយ៕ដោយ៖ធី រីណា