ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ និងបកស្រាយ អំពីករណីបុរសវ័យ២១ឆ្នាំម្នាក់ដែលស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ បុរសខាងលើ មានទីលំនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ក្នុងពេលស្នាក់នៅធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ។
ក្រសួងសុខាភិបាលបន្តថា តាមរយៈការសាកសួរ ពីបងប្រុសអាយុ ៣២ឆ្នាំដែលជាអ្នកឧស្សាហ៍មកជួបសាម៉ីសព បានរៀបរាប់ប្រាប់ក្រុមការងារសុខាភិបាលខេត្តត្បូងឃ្មុំថា សាមីសពមានជំងឺផ្តាសាយ ២ទៅ៣ថ្ងៃហើយរួចក៏បានប្រើបងប្រុសឲ្យទៅទិញឱសថពីខាងក្រៅមកឲ្យលេប ដោយឲ្យលេបម្តងៗចំនួន ៥មុខ ដែលមានដូចខាងក្រោម៖
១៖ Paracetamol 500mg ១គ្រាប់ (សរុប៤គ្រាប់)
២៖ Dexamethasone 4mg ១គ្រាប់ (សរុប៤គ្រាប់)
៣៖ Chlopheniramine 4mg ១គ្រាប់ (សរុប៤គ្រាប់)
៤៖ Tetracicliyne 250mg ១គ្រាប់ (សរុប៤គ្រាប់)
៥៖ Moxy Cold ១គ្រាប់ (សរុប៤គ្រាប់)។
ក្រសួងសុខាភិបាល បានបន្តទៀតថា ការប្រើប្រាស់ថ្នាំខាងលើនេះ គឺជាការសម្រេចចិត្តរបស់សាមីសពខ្លួនឯង និងមានការលាក់លៀមមិនឲ្យក្រុមគ្រូពេទ្យ ដែលពិនិត្យសុខភាពប្រចាំថ្ងៃបានដឹង ហើយថ្នាំនេះទៀត បានផ្តល់ទៅឲ្យអ្នកស្លាប់ នៅពេលយកបាយទៅឲ្យ។ ក្រោយពីលេបថ្នាំខាងលើរួច នៅវេលាម៉ោង ១៨និង៤៥នាទីល្ងាច អ្នកជំងឺមានអាការៈថប់ដង្ហើម ងងឹតមុខរួចក៏សន្លប់បាត់ការដកដង្ហើម។ ទោះជាក្រុមគ្រួពេទ្យព្យាយាមជួយសង្គ្រោះ ក៏មិនអាចជួយបានដែរ។
ក្រោយកើតហេតុក្រុមការងារកោសល្យវិច្ច័យខេត្តត្បូងឃ្មុំ បានធ្វើការសនិ្នដ្ឋានជាបឋមថា ជាករណីស្លាប់ដោយសារខ្យល់គរ តែក៏ត្រូវរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍សិនដែរ។
បើតាមហេតុការណ៍ខាងលើនេះ ជាការសន្និដ្ឋានបឋម ការស្លាប់អាចបណ្តាលមកពី៖ ទី១ ;ខ្យល់គរភ្លាមៗ ទី២ ;ប្រតិកម្មថ្នាំ ដែលលេបច្រើនមុខពេក និងមានសមាសធាតុដូចគ្នាច្រើន ;ទី៣ ដោយសារការលេបថ្នាំច្រើនមុខក្នុងពេលតែមួយអាចឈ្លក់ និងចូលបំពង់ក ឬអាចមានបញ្ហាសុខភាពមិនជាក់លាក់ផ្សេងទៀត។
បន្ទាប់មកសំណាកនៃសាកសពត្រូវបានយកមកពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បីរកមើលវត្តមានកូវីដ១៩ផងដែរ ។
ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ៖ «ជាលទ្ធផលនៃការវិភាគរបស់មន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ១៨៖០០នាទីល្ងាច បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។ ដូច្នេះការសន្និដ្ឋាន លើសេចក្តីស្លាប់នេះ គឺអាចបណ្តាលមកពីខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក ដែលធ្វើឲ្យសរីរាង្គគាត់មិនអាចទ្រាំទ្របាន»៕
សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖