អន្តរជាតិ៖ ជាថ្មីម្ដងទៀតលោក មហាធៀ មហាំម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា លោកអាចនឹងពិចារណា ឬក៏នឹងបង្កើតគណបក្សថ្មីមួយតែម្ដង បើសិនជា បំណងបន្តធ្វើជាសមាជិកគណបក្ស Pribumi Bersatu Malaysia ដែលលោកបង្កើតឡើងរួមគ្នាជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Muhyiddin Yassin ត្រូវបានតុលាការ បដិសេធ នៅថ្ងៃទី០៧ ខែសីហាខាងមុខនេះ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា លោក មហាធៀ ធ្វើកត់សម្គាល់បែបនេះកំឡុងផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មាន CNA នៅថ្ងៃពុធ និងចំពេលដែលមានការរំពឹងកាន់តែច្រើនឡើង ថាការបោះឆ្នោត មុនអាណត្តិមួយនឹងត្រូវធ្វើឡើង នៅប៉ុន្មានខែខាងមុខទៀតនេះ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានគូសបញ្ជាក់ប្រាប់ សារព័ត៌មានCNA យ៉ាងដូច្នេះថា៖ «បើសិនជាខ្ញុំមានអាយុ ៩៨ឆ្នាំ នៅឆ្នាំ២០២៣ជាពេលដែលការបោះឆ្នោតត្រូវធ្វើឡើង នោះរាងកាយរបស់ខ្ញុំគឺជាឧបសគ្គមួយ។ ប៉ុន្តែបើខ្ញុំនៅតែមានសុខភាពល្អ ខ្ញុំនឹងផ្ដល់ការគាំទ្រទាំងឡាយដែល ខ្ញុំអាចធ្វើទៅបាន…ហើយបើសិនជាយើងត្រូវបានបណ្ដេញចេញពីគណបក្ស នោះយើងត្រូវតែពិរចាណាបង្កើតគណបក្សថ្មីមួយផ្សេងទៀត»។ បន្ថែមពីនេះទៅទៀតលោក មហាធៀ បញ្ជាក់ថាទោះបីជាលោកសម្រេចចិត្តមិនចូលរួមឈរឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតក៏ដោយ តែលោកអាចនឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
សូមជម្រាបថា ការបោះឆ្នោតសកលលើកទី១៥ របស់ម៉ាឡេស៊ី ត្រូវធ្វើឡើងនៅឆ្នាំ២០២៣ ឯណោះ។ ក៏ប៉ុន្តែដោយសារអស្ថេរភាពនយោបាយសព្វថ្ងៃការបោះឆ្នោតមុនអាណត្តិ មួយ ត្រូវបានគេរំពឹងថាអាចនឹងត្រូវរៀបចំឡើងនៅក្នុងឆ្នាំ២០២០នេះក៏ថាបាន៕ដោយ៖ស តារា