ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាបេក្ខភាពមកពីទ្វីបអាហ្វ្រិកលេចធ្លោជាងគេសម្រាប់តំណែងអគ្គនាយក WTO?

ចែករំលែក៖

អន្តរជាតិ៖ បេក្ខភាព​សម្រាប់ជំនួសតំណែង ប្រធានអង្គការពាណិជ្ជកម្មពិភពលោក Roberto de Azevedo ពេលនេះឈានដល់ដំណាក់កាលប្រកួតប្រជែងលើកទីពីរហើយ។ ក្នុងចំណោមបេក្ខភាពទាំង៨រូប មាន​៣រូបមកពីទ្វីបអាហ្វ្រិក ។
អង្គការ​ WTO មិនបានផ្លាស់ប្តូរមេដឹកនាំទៅតាមតំបន់នីមួយៗតាមបែបប្តូរវេនគ្នានោះឡើយ ប៉ុន្តែតាំងពីអង្គការនេះចាប់កំណើតឡើងពីឆ្នាំ១៩៩៥ មកទល់ពេលនេះ​មិនទាន់មានប្រធាន​ជាតំណាងមកពីទ្វីបអាហ្វ្រិកនោះឡើយ​ បើទោះបីមានការបោះឆ្នោតជ្រើសរើសក្តី។ ទ្វីបអាហ្វ្រិកទាំងមូលមានសមាជិកនៅក្នុងអង្គការ​WTO ដល់ទៅ ២៧ ប្រទេស​។ អគ្គនាយកWTO កន្លងមក មានមកពីតំបន់អឺរ៉ុប អាស៊ី អាមេរិកខាងត្បូង និងអូសេអានី​ ។
បញ្ហាប្រឈមមុខរបស់អង្គការ WTO នាពេលនេះគឺសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិន។ បញ្ហាប្រឈមមុខដ៏ធំមួយទៀតរបស់​WTO គឺប្រធានាធិបតីអាមេរិក បានចោទប្រកាន់អង្គការនេះថា មិនបានការពារផលប្រយោជន៍របស់អាមេរិក​ ។ ប្រព័ន្ធដោះស្រាយវិវាទ​នៅក្នុងអង្គការ​WTO ត្រូវជាប់គាំងដោយសារតែសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន​។
ជាមួយគ្នានេះ​ប្រសិនបើអគ្គនាយក WTOថ្មីមកពីតំបន់អាហ្វ្រិកនោះ គឺជារឿងល្អបំផុតសម្រាប់ចិន ដោយសារតែចិនមានទំនាក់ទំនង ពាណិជ្ជកម្ម​យ៉ាងល្អបំផុតជាមួយទ្វីបអាហ្វ្រិក ក្រោយពេលបណ្តាប្រទេសលោកខាងលិចបោះបង់ទ្វីបអាហ្រិ្វកនោះ។ ចំណែកអាមេរិកវិញ​ចង់ឲ្យបេក្ខភាពដែលគាំទ្រអាមេរិក ជាប់ឆ្នោតធ្វើជាប្រធាន ដើម្បីអាចការពារផលប្រយោជន៍របស់អាមេរិក ក្នុងវិស័យពាណិជ្ជកម្ម​៕ដោយ៖ធី រីណា


ចែករំលែក៖