ព័ត៌មានទាន់ហេតុការណ៍៖

បារាំង ផ្តល់ជំនួយ ១.៥លានអឺរ៉ូ ដើម្បីចូលរួមស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺ Covid-19

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19។
សូមជម្រាបថា៖ វិស័យនេះ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរ ចេញពីបណ្តាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្នុងជំនួបពិភាក្សាការងារលើគម្រោងស្តារឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ រវាងក្រសួង ទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពគ្នាប្រើប្រាស់ហិរញ្ញប្បទាន ១.៥លានអឺរ៉ូ ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមអនុវត្តផែនទីចង្អុលផ្លូវស្តារឡើងវិញ លើវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ជំនួបពិភាក្សាការងារនេះធ្វើឡើង នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ជាជនជាតិបារាំង នៅកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើការដាក់ចេញវិធានការគាំទ្រវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ១៩ និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបាន ពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទីចង្អុលផ្លូវ សម្រាប់ត្រៀមស្តារឡើងវិញ នៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។
លោក ណេប សាមុត បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះដែរទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់ លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថភាព ពង្រឹងរចនាសម្ព័ន្ធវិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍ , ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋ និងឯកជន, ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍ គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោងជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង៕

ដោយ៖សិលា


ចែករំលែក៖