កីឡាអន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានអោយដឹងថា លោក Jordi Cruyff បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុមអេក្វាឌ័របន្ទាប់ពីបានបំពេញតួនាទីបាន៦ខែ ហើយមិនបានដឹកនាំក្រុមនៅក្នុងការប្រកួតផ្លូវការមួយឡើយ។
សហព័ន្ធកីឡាបាល់ទាត់អេក្វាឌ័រ (FEF) បានចេញសេចក្តីថ្លែងការណ៍ថា FEF នៅសប្តាហ៍នេះបានឈានដល់កិច្ចព្រមព្រៀងគ្នាទៅវិញទៅមកដើម្បីដកកិច្ចសន្យារយៈពេល៣ឆ្នាំដែលបានចុះហត្ថលេខាជាមួយលោក Jordi Cruyff កាលពីខែមករា។ បុរសវ័យ៤៦ឆ្នាំរូបនេះបានចាកចេញពីប្រទេសអេក្វាឌ័រកាលពីខែមីនាដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយមិនបានវិលត្រឡប់មកវិញនោះទេ។
ការចាកចេញរបស់លោក Cruyff កើតឡើងស្របពេលនឹងអស្ថិរភាពដែលកំពុងកើនឡើងនៅក្នុងសហព័ន្ធបាល់ទាត់អេក្វាឌ័រ។ លោក Egos ត្រូវបានដកហូតតំណែងដោយសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធដែលជាជំនួយការរបស់លោក Cruyff ផ្ទាល់កាលពីខែមេសាដោយសារតែភាពមិនប្រក្រតីខាងហិរញ្ញវត្ថុ ត្រូវបានចោទប្រកាន់មុនពេលចូលធ្វើការវិញនៅខែនេះតាមការបញ្ជារបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ។
វិបត្តិផ្ទៃក្នុងរបស់សហព័ន្ធបានកើនឡើងកាលពីសប្តាហ៍មុននៅពេលដែលលោក Antonio Cordon ជនជាតិអេស្ប៉ាញ លាឈប់ពីតួនាទីជាប្រធានផ្នែកកីឡារបស់ក្រុមជម្រើសជាតិអេក្វាឌ័រ។
សូមបញ្ជាក់ថា លោក Cruyff ជាអតីតខ្សែបម្រើរបស់ក្រុម Barcelona ធ្លាប់បានធ្វើជាគ្រូបង្វឹកជម្រើសជាតិហុល្លង់រយៈពេលខ្លី កាលពីឆ្នាំ២០០៩ និងបានធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័របន្ទាប់ពីបានដឹកនាំក្លឹប Chongqing Dangdai Lifan របស់ប្រទេសចិនរយៈពេល២ឆ្នាំ ៕ដោយ៖ភារៈ