ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអាកាសថ្មើរជើងផ្សារដើមគ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង  ក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ 

     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសថ្មើរជើងបែបនេះយើងនឹងធ្វើការសាងសង់បន្ថែមចំនួន២៧កន្លែងទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យឆ្លើយតបតាមតម្រូវការ ស្របតាមកំណើន របស់ប្រជាពលរដ្ឋដែលចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀតមានសរុបប្រមាណជាង៣លាននាក់ហើយ។  ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន៤ទីតាំងរួចមកហើយដែរ។ គឺទី១-ស្ពានថ្មើរជើងផ្សារជម្ពូវ័ន,ទី២ -ផ្សារដើមគ ,ទី៣-ស្ពានថ្មើរជើងរង្វង់មូលនាងគង្ហីងផ្សារអូឡាំព្យា និងទី៤-នៅសាលាសន្ធរម៉ុក ។ ស្ពានអាកាសទាំង៤ទីតាំងនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ 

  ចំណែកស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ ។ ក្រោយពីយើងសាងសង់ស្ពានថ្មើរជើងទាំងពីរកន្លែងនេះរួចទៅ នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏បានមួយផ្នែកធំ ៕ ដោយ៖សំរិត


ចែករំលែក៖