អន្តរជាតិ៖ ក្រុមហ៊ុនTwitter ដែលជាបណ្ដាញសង្គម បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០ ដោយនៅក្នុងនោះប្រាក់ចំណូលដែល ទទួល បានខុសពីការរំពឹងទុករបស់អ្នកវិភាគ ហើយអ្វីដែលពិសេសនោះគឺ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃកើនឡើងខ្ពស់ហួសពីការស្មាន។ ប៉ុន្តែប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មវិញគឺធ្លាក់ចុះ ២៣% បើធៀបនឹងឆ្នាំ២០១៩»។
យោងតាមការចេញផ្សាយសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០នេះថា ក្រុមហ៊ុន Twitter បានគូសបញ្ជាក់ថា «នៅត្រីមាសទី២ឆ្នាំនេះ ស្ថានភាពហិរញ្ញវត្ថុរបស់យើងបានឡើបឡើងវិញក្នុងកម្រិតមធ្យម បើធៀបទៅនឹងត្រីមាសទី១ ដើមឆ្នាំ។ ចំណែកប្រាក់ចំណូលនៅត្រីមាសទី២ឆ្នាំនេះ ដែល Twitter ទទួលបាន គឺមានចំនួន ៦៨៣លានដុល្លារអាមេរិកផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគដែលបានលើកឡើងថា អាចមានចំនួនរហូតដល់ ៧០៧លានដុល្លារ ហើយការធ្លាក់ចុះខុសពីការរំពឹងទុកនេះ អាចបណ្ដាលមកពីបញ្ហាកូវីដ១៩។ ចំណែកអ្នកប្រើប្រាស់ប្រចាំថ្ងៃបានកើនដល់ពី១៨៦លាននាក់ ពោលគឺកើនឡើងពី ១៧២លាននាក់។
ដោយឡែកចំពោះប្រាក់ចំណូល ដែលបានមកពីការផ្សាយពាណិជ្ជកម្មវិញគឺមានចំនួន ៥៦២លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនធ្លាក់ចុះ២៣% ហើយជាពិសេស មួយរយៈចុងក្រោយនេះគឺធ្លាក់ចុះ១៥%។ ដោយថ្មីៗនេះផងដែរ បណ្ដាញសង្គម Twitter ទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរមួយគឺគណនីបុគ្គលិកល្បីៗ ដូចជាលោក Barack Obama និងលោក Elon Musk ជាដើម ត្រូវបានគេហេកគណនី។
សូមជម្រាបថា បណ្ដាញសង្គម Twitter បានកើតឡើងនៅក្នុងឆ្នាំ ២០០៦ហើយគិតមកដល់ពេលនេះ មានបុគ្គលិកជុំវិញពិភពលោកចំនួន៤៦០០នាក់និងមានអ្នកប្រើប្រាស់សរុបចំនួន ៣២១លាននាក់ (បើគិតត្រឹមចុងឆ្នាំ២០១៩) និងរកប្រាក់ចំណូលបាន ៣.៤ពាន់លានដុល្លារកាលពីឆ្នាំ២០១៩៕ដោយ៖ស តារា