ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ

ចែករំលែក៖

 

ខេត្យស្វាយរៀង៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ជិះម៉ូតូជែងរថយន្តមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជន៣នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១H-០២១៣ដោយធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកជែងជាមួយរថយន្តហាយឡេនឌ័រមួយគ្រឿងក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាកសៀនណាពាក់ស្លាកលេខភ្នំពេញ២AP-១៩៩២ដែលអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតមកលិច លាន់សូរដូចរន្ទះបណ្តាលឲ្យអ្នកជិះម៉ូតូខ្ទាតចូលក្រោមរថយន្ដមួយគ្រឿងទៀត ដែលចតចោល ធ្វើឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ រីឯអ្នកបើករថយន្តពេលឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែរថយន្តនៅនឹងកន្លែង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថាអត្តសញ្ញាណជនរងគ្រោះទាំងពីរនាក់ដែលស្លាប់នេះ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ហើយក៏កំពុងស្រាវជ្រាវរកសាច់ញាតិនិងធ្វើការវាស់វែងព្រមទាំងអូសយកវត្ថុតាងម៉ូតូនិងរថយន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖