អន្តរជាតិ៖ នៅថ្ងៃទី២៤ខែកក្កដានេះខ្មាន់កាំភ្លើង នៅតំបន់ភាគខាងអាគ្នេយ៍រដ្ឋ Cross River ប្រទេសនីហ្សេរីយ៉ា បានចាប់ខ្លួនជនជាតិចិន៤នាក់ ហើយបានបាញ់សម្លាប់ សន្តិសុខការពារ។ ជនជាតិចិនទាំង៤នាក់ ធ្វើការនៅក្នុងក្រុមហ៊ុនសាងសង់នៅប្រទេសនេះ។
អ្នកនាំពាក្យកម្លាំងសន្តិសុខ នីហ្សេរីយ៉ាលោក Irene Igbo បានឲ្យដឹងថា ជនជាតិចិនដែលត្រូវខ្មាន់កាំភ្លើងចាប់ខ្លួន ធ្វើការនៅក្រុមហ៊ុនសាងសង់ Danarite ក្នុងស្រុក Akamkpa ។ ជនជាតិចិនទាំង៤នាក់ត្រូវជនដៃដល់ចាប់ខ្លួនតាំងពីថ្ងៃទី២២ខែកក្កដាមកម៉្លេះ។
លោក Irene Igbo បាននិយាយទៅកាន់ សារព័ត៌មាន BBC ថា«យើងបានបាត់បង់ពួកគាត់មួយចំនួនក្នុងហេតុការខាងលើ»។ នៅតំបន់ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ាតែងតែមានករណីចាប់ជំរិតកើតឡើង ទាមទារប្រាក់លួស។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខ ទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ ពលរដ្ឋនៅក្នុងស្រុក Akamkpa តែងតែត្រូវ ក្រុមជនល្មើសក្នុងតំបន់ចាប់ជំរិតទារប្រាក់ ហើយក៏បានដោះលែងវិញ ក្រោយទទួលបានប្រាក់។
មកទល់ពេលនេះ ជនជាតិចិនទាំងនោះ មិនទាន់ដឹងថានៅទីណានៅឡើយទេ ហើយក្រុមចាប់ជំរិត ក៏មិនទាន់ចេញលក្ខខណ្ឌ ក្នុងការទាមទារប្រាក់ផងដែរ។ កម្លាំងសន្តិសុខកំពុងតែខិតខំស្វែងរកជនជាតិចិនទាំង៤នាក់នោះ៕ដោយ៖ធី រីណា