ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដែលករណីលួចនេះប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទីល្ងាច នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ អៀច បូរ៉ាន ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ចាន់ គា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ អៀច បូរ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា ជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងអស់រយៈពេល៤ឆ្នាំមកហើយ។ លុះមកដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះចាន់ គា ចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW.9845 ជិះទៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចចរាចរណ៍ឃាត់នៅទីនោះព្រោះគ្មានឯកសារ។ ក្រោយមកជនសង្ស័យបានមកភូមិអន្លង់ស្លែង ឃុំសំបូរមាសវិញ លុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទីជនសង្ស័យបានលួចម៉ូតូជនរងគ្រោះឈ្មោះអៀច បូរ៉ានី ចំនួន១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ1M.4054 ពេលជិះចេញដល់ចំណុចព្រែកខ្សាច់ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ជនរងគ្រោះបានតាមទាន់ជនសង្ស័យ ពេលនោះជនសង្ស័យក៏ទុកម៉ូតូចោលហើយបានរត់គេចខ្លួនទៅនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨០០នាទីល្ងាចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានឃើញជនសង្ស័យនៅក្នុងមូលដ្ឋាន ក៏បានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ