ខេត្តស្វាយរៀង៖ ស្ត្រីជាប្រពន្ធបានស្រែកផ្អើលដល់ក្រុមគ្រួសារនិងហៅអ្នកភូមិឱ្យជួយសង្គ្រោះប្ដីគាត់បន្ទាប់ពីឃើញចងកសម្លាប់ខ្លួនលើផ្ទះកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០នៅក្នុងភូមិបារាយ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ គឹម យ៉េង អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
បើតាមកូនៗរបស់ជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់ខ្លួនមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយៗបានទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែបានត្រឹមធូរស្រាលមួយរយៈប៉ុណ្ណោះ។
នៅមុនយប់កើតហេតុគាត់បានចូលដេកជាមួយម្ដាយក្នុងមុងជាមួយគ្នាដូចសព្វដង លុះដល់វេលាម៉ោង១១យប់ម្ដាយងើបទៅបត់ជើងស្រាប់តែប្រទះឃើញជនរងគ្រោះចងកនឹងខោខូវប៊យជើងវែងស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញស្រុករួមជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដោយមានការចូលរួមពីគ្រូពេទ្យបានធ្វើការពិនិត្យសាកសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែនដោយបានយកខោខូវប៊យមានប្រវែងប្រមាណពីរម៉ែត្រចងកសម្លាប់ខ្លួនឯងនៅនឹងរនងដំបូលផ្ទះឈើ ដោយមិនមានស្លាកស្នាមជាអំពើឃាតកម្មអ្វីនោះទេ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន