ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បញ្ញវន្តរូបនេះបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ ហើយបច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។ ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក។ លោកបានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ថាបញ្ហាក្នុងការចិញ្ចឹមកង្កែបគឺបញ្ហាតម្លៃចំណី ព្រោះយើងប្រើចំណីដែលបាននាំចូលពីក្រៅ។ ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់លោកដែលបានខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមនេះទទួលបានជោគជ័យ ហើយ លោករដ្ឋមន្រ្តី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្រ្តីបច្ចេកទេសមកបង្រៀនកសិករពីរបៀបលាយចំណីដោយខ្លួនឯងតាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់៕ដោយ៖សិលា


ចែករំលែក៖