ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន៖ រដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន ខណៈចំការចេករបស់កម្ពុជាកើនដល់១៥ក្រុមហ៊ុន នឹងមានផ្ទៃដីដាំដុះជាង៨០០០ហិកតា

ចែករំលែក៖

អន្តរជាតិ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលចិនអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន ខណៈដែលចំការចេករបស់ប្រទេសកម្ពុជា កើនដល់១៥ក្រុមហ៊ុន ដែលមានការដាំដុះដំណាំចេកមានចំនួនជាង៨០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន២១កន្លែង

នៅក្នុងFacebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយយ៉ាងដូច្នេះថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចំការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»

ស្ថានទូតចិន បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត អាចវេចខ្ចប់ នាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់១៥ក្រុមហ៊ុន។

គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង១៤ម៉ឺនតោន បើគិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារអាមេរិក។នេះបើតាមតួលេខដែលកត់ត្រាដោយក្រសួងពាណិជ្ជកម្ម៕ដោយ៖ស តារា


ចែករំលែក៖