ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ​-១៩ ថ្មីខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​៤ខែកន្លងមក

ចែករំលែក៖

អន្តរជាតិ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង​កូរ៉េខាងត្បូង (KCDC) បានប្រកាសនៅថ្ងៃទី២៥ខែកក្កដានេះថា ក្នុងរយៈពេល​២៤ម៉ោង​កន្លងមក​​ មានករណីឆ្លងកូវីដ​-១៩ ដល់ទៅ១១៣នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន​ចាប់តាំងពីខែមីនាមកទល់ពេលនេះ។
តាមរបាយការណ៍ពីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា​​ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ​១១៣នាក់ មាន៨៦នាក់ចូលពីក្រៅប្រទេស និង២៧នាក់ឆ្លងនៅក្នុងសហគមន៍​​។ ភាគច្រើនអ្នកឆ្លងមកពីក្រៅគឺជាសមាជិកនៅលើនាវា១គ្រឿងរបស់រុស្ស៊ី និងកូរ៉េខាងត្បូង​បានវិលត្រឡប់មកប្រទេសអុីរ៉ាក់វិញ​តាមជើងហោះហើរយោធា កាលពីចុងសប្តាហ៍កន្លងមក។
ក្នុងរយៈពេល​១សប្តាហ៍កន្លងមក​ កូរ៉េខាងត្បូង​បានបង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយពលរដ្ឋមកពីក្រៅប្រទេសគឺត្រូវតែកាត់ផ្តាច់រយៈពេល​១៤ថ្ងៃ ។ គិតមកដល់ពេលនេះ កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ​-១៩​សរុប កើនឡើងដល់ជាង​១៤ពាន់នាក់ និងស្លាប់ជិត​៣០០នាក់ ។
ចំណែកនៅលើពិភពលោកវិញ យោងតាម​ គេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែកើនឡើងខ្ពស់ដដែល ។ គិត ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,៩២៩,៦៧០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៤១,៨២៩នាក់ និងជាសះស្បើយឡើងវិញ ៩,៧១៤,៤៥៤នាក់៕ដោយ៖ធី រីណា


ចែករំលែក៖