ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកសុីជាមួយមិត្តភក្តិស្រាប់តែថ្ងៃបន្ទាប់កម្មករប្រទះឃើញសាកសពសង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករក្រុមហ៊ុនហ័ងអាន់យ៉ាឡាយបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងចម្ការចេកស្ថិតក្នុងស្ថានភាពរងរបួសពេញមុខនិងដងខ្លួនដោយមានស្នាមមុខកាំបិតនិងដំបងជាអំពើឃាតកម្ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ត្រង់ចំណុចការដ្ឋានទីពីរក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ ស្ថិតនៅក្នុងឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី​ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខេត្តរួមសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកូនមុំនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសិរីមង្គល បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសព។

 ប្រភពបន្តថា បើតាមតាមការពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្មដោយវាយនឹងដំបងកាប់នឹងកាំបិតហើយមានស្លាកស្នាមអារ.កនិងវះមុខជាច្រើនកន្លែងទៀតផង។​

តាមការស្រាវជ្រាវនិងសាកសួរបំភ្លឺជុំវិញរឿងហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានមកផឹកសុីជាមួយជនសង្ស័យឈ្មោះ បាក់ ណាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងកំពត ឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង។ក្រោយពីផឹកសុីរួចនៅម៉ោងប្រហែល១០យប់បានបបួលគ្នាទៅរកឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះរហូតមក។លុះដល់ម៉ោង១៥ថ្ងៃដដែលទើបគេទទួលបានព័ត៌មានថាមានកម្មករបានប្រទះឃើញសាកសពនោះតែម្តង។

ប្រភពបានបន្តទៀតថា ក្រោយសមត្ថកិច្ចចុះទៅដល់ហើយពិនិត្យធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

ឯជនសង្ស័យនោះទើបតែមកធ្វើកម្មករបានចំនួន១០ថ្ងៃប៉ុណ្ណោះហើយស្នាក់នៅក្នុងផ្ទះជាមួយជនរងគ្រោះដែរត្រូវបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗក្រោយកើតហេតុ។

ភ័ស្ដុតាងដែលបន្សល់ទុកកន្លែងកើតហេតុរួមមាន៖ ស្បែកជើងពីរគូ កាំបិតសតូចចុងស្រួចមួយ ដំបងឈើ ២កំណាត់មានប្រឡាក់ឈាមជាប់នៅតិចៗ។

កម្លាំងជំនាញកំពុងតែបន្តធ្វើការស្រាវជ្រាវនិងតាមឃាត់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ៖ជីវ័ន្ត


ចែករំលែក៖