អន្តរជាតិ៖ ក្រុមអ្នកឯកទេសស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវ វីរុសនៅទីក្រុងវូហាន បានទាមទារឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សុំទោសជាសាធារណៈ ដោយសារតែលោកត្រាំបាន លើកឡើងដោយគ្មានភស្តុតាងថា វីរុសកូវីដ-១៩ លេចចេញពីមន្ទីរពិសោធន៍វូហាន។
សារព័ត៌មានSouth China Morning Post កាលពីថ្ងៃទី២៥ខែកក្កដាបានផ្សាយថា លោកស្រី Shi Zhengli ប្រធានក្រុមអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវវីរុសនៅទីក្រុងវូហាន បានទាមទារឲ្យប្រធានាធិបតីដូណាល់ ត្រាំ សុំទោសដែលបានចោទប្រកាន់ដោយគ្មានភស្តុតាងថា វីរុសកូវីដ-១៩ បែកធ្លាយចេញពីមជ្ឈមណ្ឌលនេះ។
លោកស្រី Shi Zhengli បាននិយាយទៅកាន់ទស្សនាវដ្តី Science ថា ការចោទប្រកាន់ថាវីរុសចេញពីបន្ទប់ពិសោធន៍នៅវូហាន ដូចការលើកឡើងរបស់ លោកត្រាំ និងមន្ត្រីអាមេរិក គឺជារឿងមិនមានការណ៍ពិតឡើយ។ លោកស្រីបានបន្តទៀតថា « សម្តីរបស់លោកត្រាំថា វីរុសកូវីដ-១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍ របស់យើងខ្ញុំគឺផ្ទុយពីការណ៍ពិតទាំងស្រុង »។
លោកស្រី Shi Zhengli បន្តទៀតថា«ការចោទប្រកាន់របស់អាមេរិកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការស្រាវជ្រាវ ក៏ដូចជាការរស់នៅរបស់យើងខ្ញុំ។ លោកត្រាំ បានជំពាក់យើងខ្ញុំនូវពាក្យសុំទោសជាសាធារណៈ»។
ការទាមទារឲ្យលោកត្រាំ សុំទោសកើតឡើងចំពេលដែលទំនាក់ទំនងអាមេរិកនិងចិនកាន់តែមានតានតឹង ក្រោយពីអាមេរិកបិទស្ថានកុងស៊ុលរបស់ចិន ហើយចិនក៏បានបិទស្ថានកុងស៊ុលរបស់អាមេរិកវិញផងដែរ៕ដោយ៖ធី រីណា