ភ្នំពេញ៖ នាពេលបច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យប្រកបអាជីវកម្មរំលោភលើចិញ្ជើមផ្លូវលើសពី១ភាគ៣នៃ
ចិញ្ជើមផ្លូវឡើយ និងណែនាំឱ្យចូលរួមថែរក្សាអនាម័យទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោភណភាពទីក្រុង និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរ។
ជាក់ស្ដែង នាយប់ថ្ងៃ ថ្ងៃសៅរ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនស៊ីនទ្រី បានចុះត្រួតពិនិត្យ និងលុបបំបាត់ទីតាំងដេប៉ូសំរាម អនាធិបតេយ្យក្នុងមូលដ្ឋានខណ្ឌដូនពេញ និង បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមនៅមុខផ្ទះរៀងៗខ្លួន តាមម៉ោងពេលវេលាបានកំណត់ និងមិនអនុញ្ញាតឱ្យយកសំរាមមកចោលនៅទីតាំងដែលហាមឃាត់ទៀតនោះទេ ក្នុងនោះលោក អភិបាលបានកំណត់ភារកិច្ចដូចខាងក្រោម៖
១- បានចាត់ឱ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីអប់រំប្រជាពលរដ្ឋឱ្យទុកដាក់សំរាមនៅមុខផ្ទះរៀងៗខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅផ្លូវខាងក្នុងៗ កុំយកសំរាមមកចោលនៅទីតាំងហាមឃាត់។
២- ក្រុមហ៊ុនស៊ីនទ្រី បានសន្យារៀបចំប្រព័ន្ធប្រមូលរួមមានឡាន និងរទេះចូលប្រមូលសំរាមនៅផ្លូវខាងក្នុងៗ តាមមុខផ្ទះប្រជាពលរដ្ឋឱ្យអស់ ។
៣- សង្កាត់ពាក់ព័ន្ធ នឹងចាត់ឱ្យប្រធានភូមិ ទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋដែលរស់នៅផ្លូវខាងក្នុងៗ បញ្ជេញសំរាមមកចោលនៅទីតាំងនេះទៀត ហើយសង្កាត់នឹងចាត់កម្លាំងចាំឃ្លាំមើល ដើម្បីផាកពិន័យអ្នកមកពីខាងក្រៅ ដែលតែងតែយកសំរាមមកចោលនៅទីនេះ។
៤- បន្ទាប់ពីប្រមូលសំរាមអស់ ខណ្ឌបានប្រើប្រាស់ឡានទឹកបាញ់លាងសម្អាត និងប្រគល់ភារកិច្ចឱ្យសង្កាត់ទប់ស្កាត់កុំឱ្យមានការកកើតដេប៉ូសំរាមនេះឡើងវិញ ។
៥- បានស្នើសុំមន្ទីរបរិស្ថានយកស្លាកហាមចោលសំរាមមកដាក់នៅទីតាំងនេះផងដែរ ។
ជាចុងក្រោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមចូលរួមគោរពវេលាបញ្ចេញសំរាម និងវេចខ្ចប់នៅមុខផ្ទះរៀងៗខ្លួនឱ្យបានត្រឹមត្រូវ ជៀសវាងយកមកចោលនៅទីសាធារណៈដូចពេលកន្លងមក ដើម្បីចូលរួមថែរក្សាអនាម័យនិងសោភណភាពទីក្រុងភ្នំពេញយើងទាំងអស់គ្នាឱ្យក្លាយជាទីក្រុងស៉ីវីល័យទាក់ទាញភ្ញៀវទេសចរ៕ដោយ៖រ៉ារ៉ា