ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីផ្ទះទេវតាប្រគល់ផ្ទះចំនួន ០៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅ ប្រគល់​ផ្ទះទេវតា​ចំនួន​០៣ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលពិធីនេះក៏មានការចូលរួមពី សំណាក់អាជ្ញាមូលដ្ឋានផងដែរ។
ពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រីបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកស្រីបានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេសអនុវត្តការលាងដៃជាប់ជា ប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។
១-ផ្ទះលេខ ២៨៨ លោកយាយ ឌី នឿន មានអាយុ៧៨ ឆ្នាំរស់នៅភូមិត្រពាំងអញ្ជាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ។
២-ផ្ទះលេខ ២៨៩ ប្រគល់ជូនអ៊ុំប្រុស ឌឿក ប៉ូញ មានអាយុ ៦៧ ឆ្នាំ រស់នៅភូមិ អូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ។
៣-ផ្ទះលេខ ២៩០ ប្រគលជូន លោកយាយ ជួប ងុំ មានអាយុ៦៨ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ។
លោកយាយ លោកតា ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោកស្រី និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយផ្តល់ជូនរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន៕ដោយ៖សិលា


ចែករំលែក៖