អន្តរជាតិ៖ កាលពីខែកក្កដាថ្មីៗកន្លងទៅនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់វៀតណាម ជាមួយនឹងប្រទេសនូវែលសេឡង់ បានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសលើផលិតផលកសិកម្ម និងការកសាងអត្តសញ្ញាណពាណិជ្ជកម្ម។ ហើយរដ្ឋាភិបាលវៀតណាម បានស្នើត្រង់ៗទៅកាន់រដ្ឋាភិបាលនូវែលសេឡង់ឲ្យបើកចំហទីផ្សាររបស់ខ្លួន សម្រាប់វៀតណាមឲ្យកាន់តែទូលាយ ។ ដោយវៀតណាម រំពឹងថារដ្ឋាភិបាលទាំងពីរ នឹងអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប តាមក្របខណ្ឌពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។
ថ្ងៃ២២ កក្កដា កន្លងទៅ គឺជាកំណត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ របស់វៀតណាមជាមួយនឹងនូវែលសេឡង់។ នោះ គឺរដ្ឋាភិបាលប្រទេសទាំងពីរបានសម្រេចដំឡើងកិច្ចសហប្រតិបត្តិការទ្វេភាគីជាភាពជាដៃគូយុទ្ធសាស្ត្រដែលជាការបើកផ្លូវមួយសម្រាប់ការកសាងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ ខណៈដែលភាគីទាំងពីរ ស្ថិតក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយគ្នាច្រើនស្រាប់ហើយនោះ។
សារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២០នេះថា ក្នុងបរិការណ៍នៃការកសាងទំនាក់ទំនងថ្មីនេះ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យរដ្ឋាភិបាលទាំងពីរ បន្តរក្សាកំណើនទំហំពាណិជ្ជកម្មទ្វេភាគីក្នុងទំហំ ២ ពាន់លានដុល្លារប្រចាំឆ្នាំ និងចង់ឲ្យនូវែលសេឡង់ បើកទីផ្សារឲ្យកាន់តែទូលាយ សម្រាប់ផលិតផលកសិកម្មវៀតណាមនិងចែករំលែកបទពិសោធន៍ នៃការកសាងសញ្ញាពាណិជ្ជកម្ម ក៏ដូចជាជួយជំរុញផ្លែឈើវៀតណាម អាចចូលទៅកាន់ទីផ្សារបានកាន់តែច្រើនផងដែរ។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនូវែលសេឡង់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកំពូលមួយនេះគឺជាការទទួលស្គាល់ពីកំណើនដ៏រឹងមាំ របស់ប្រទេសទាំងពីរទាំងក្នុងកិច្ចការនយោបាយ ពាណិជ្ជកម្ម ការពារ និងសន្តិសុខ និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន។ ក្នុងក្រសែភ្នែកនូវែលសេឡង់ វៀតណាម នឹងក្លាយជាប្រទេសសេដ្ឋកិច្ចមួយ ក្នុងតំបន់អាស៊ី ដែលមានការលូតលាស់លឿនជាងគេ ក្នុងរយៈពេលបី បួនឆ្នាំខាងមុខ។
សូមជម្រាបថា ក្រៅពីមានទំនាក់ទំនងជិតស្និទ្ធ ក្នុងក្របខណ្ឌទ្វេភាគីវៀតណាម និងនូវែលសេឡង់ ក៏មានកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងក្របខណ្ឌពាណិជ្ជកម្មធំៗក្នុងតំបន់ ដូចជា៖ ក្របខណ្ឌ អាស៊ាន-នូវែលសេឡង់, ភាពជាដៃគូអភិវឌ្ឍគ្រប់ជ្រុងជ្រោយអន្តរប៉ាស៊ីហ្វិក (CPTPP) ក៏ដូចជាក្របខណ្ឌភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ផងដែរ៕ដោយ៖ស តារា