កីឡាអន្តរជាតិ៖ អតីតកីឡាករលេខ១ពិភពលោកសញ្ជាតិអង់គ្លេស Andy Murray និយាយថា គាត់កំពុងរៀបចំផែនការសម្រាប់ចូលរួមកម្មវិធីប្រកួតវាយតឺន្នីស US Open នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយពីជាសះស្បើយមាំមួនពីការវះកាត់ត្រគាករបស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទ ទី២៧ កក្កដានេះ។ សមាគមកីឡាវាយកូនបាល់សហរដ្ឋអាមេរិកសង្ឃឹមថានឹងបញ្ជាក់ក្នុងរយៈពេល១០ថ្ងៃខាងមុខទៀតថាការប្រកួត US Open នេះអាចនឹងត្រូវធ្វើឡើងដោយបិទទ្វារចាប់ពីថ្ងៃទី៣១ ខែសីហា។ ប៉ុន្តែនៅតែមានភាពមិនប្រាកដប្រជាប្រសិនបើកីឡាករនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅពេលមកដល់ញូវយ៉ក ហើយមានពេលវេលាខ្លីក្នុងការហោះហើរទៅកាន់អឺរ៉ុបដើម្បីត្រៀមប្រកួតកម្មវិធី French Open ដោយសារសហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ-១៩ខ្ពស់ជាងគេលើពិភពលោក។
អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោកវ័យ៣៣ឆ្នាំ Murray បាននិយាយថា “៤ឬ៥សប្តាហ៍មុនខ្ញុំហាក់ដូចជាមានសុខភាពមាំមួនឡើងវិញហើយ ដែលធ្វើឲ្យខ្ញុំអាចនឹងចូលរួមប្រកួត ហើយខ្ញុំពិតជាចង់លេងណាស់ ប៉ុន្តែវេជ្ជបញ្ជាគឺត្រូវតែអនុវត្តតាម។ ប្រសិនបើកម្មវិធីខាងលើមិនកើតឡើងទេខ្ញុំនឹងអាចទៅចូលរួមប្រកួតក្នុងកម្មវិធីណាមួយដែលគេអនុញ្ញាត”។
លោក Murray សង្ឃឹមថាកម្មវិធី US Open អាចដំណើរការទៅមុខបានតែបើមិនដូច្នោះទេលោកក៏មិនអាចចូលរួមបានដែរ ដរាបណាវាមានសុវត្ថិភាពសម្រាប់កីឡាករដើម្បីត្រលប់ទៅប្រកួតប្រជែងនៅពេលមានសុវត្ថិភាពសុខភាព ៕ ដោយ៖ភារៈ