ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ែន ប្រាកដ អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពកិច្ចការស្រាវជ្រាវ ស្តីពីស្ថិតិយេនឌ័រលើប្រធានបទ បញ្ហាប្រឈមរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ។
លោកបានលើកឡើងថា ៖ រាជរដ្ឋាភិបាលបានបង្កើតលិខិតបទដ្ឋាន គោលនយោបាយ និងផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដោយត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់ឤទិភាព បង្កើនចំនួនស្ត្រីឱ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ និងគ្រប់កម្រិត។ ក្នុងឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីក្រុមការងារស្រាវជ្រាវដែលបានខិតខំ ដើម្បីភាពជោគជ័យ ក្នុងផ្តល់សេវាជូនថ្នាក់ដឹកនាំរដ្ឋសភា៕ដោយ៖សិលា