ភ្នំពេញ ៖ បុរសជាជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយពីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (ប្រើដំបងឈើជ្រុង វ៉ៃក្បាលជនរងគ្រោះ) កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម ចិន្តា ហៅ សួង ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ជឃាត់ខ្លួនមានឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃគូ ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ចំពោះវត្ថុតាងចាប់យក៖ ដំបងឈើជ្រុងទំហំប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រចំនួន១ដើម ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនសង្ស័យឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ និងកម្មករជាងឈើមានគ្នាចំនួន៤នាក់គឺ ទី១-ឈ្មោះ ណាត នីកុល ហៅ អូន ភេទប្រុស អាយុ២៩ឆ្នាំ ទី២-ឈ្មោះ ជៀវ វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះ សោម ចិន្តា ហៅ សួង ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ (ជនរងគ្រោះ) ទី៤ -ជនសង្ស័យឈ្មោះ ខៀវ គឹម ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ (ត្រូវជាពូរបស់ឈ្មោះ ជៀវ វណ្ណៈ)បាននាំគ្នាទិញស្រាចំនួន២លីត្រមកផឹកនៅផ្ទះឈ្មោះខៀវ គឹមហាក់នេះដែលស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនសង្ស័យ និងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នាបណ្តើរ ជជែកគ្នាបណ្តើរអំពីរឿងជនរងគ្រោះបើកលុយឱ្យជនសង្ស័យនៅខ្វះចំនួន១,៥០០,០០០រៀល រហូតដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ ណាត នីកុល ហៅ អូន និងឈ្មោះ ជៀវ វណ្ណៈ ក៏បានដើរទៅនិយាយទូរស័ព្ទនៅខាងក្រៅវង់ផឹកស៊ីទាំង២នាក់ ។ ចំណែកជនសង្ស័យនិងជនរងគ្រោះបានទាស់សម្តីគ្នាខ្លាំងក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យបានស្ទុះទៅរើសដំបងឈើជ្រុងទំហំប៉ុនកដៃ ប្រវែង៨៤សង់ទីម៉ែត្រនៅក្បែរកន្លែងផឹកស៊ី វ៉ៃទៅលើក្បាលជនរងគ្រោះ និងមុខបណ្តាលឱ្យជនរងគ្រោះរងរបួសជាំហើមភ្នែកទាំងសងខាង, ផ្ទៃមុខជាំហើម, រយះសាច់លើចុងចិញ្ចើមខាងស្តាំ, រយះសាច់ចុងត្របកភ្នែកក្រោមខាងស្តាំ, រយះសាច់ថ្ពាល់ខាងឆ្វេង , រយះសាច់បបូរមាត់ក្រោមចំហៀងខាងឆ្វេង, រយះសាច់ចង្កា២កន្លែង , ស្នាមជាំនៅលើប្រអប់ដៃឆ្វេង របួសធ្ងន់ធ្ងរ ហេីយក៏មានប្រជាពលរដ្ឋបានឃើញហេតុការណ៍នោះ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ រួចសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ហើយហៅ រថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកសួគ៌ា ផ្លូវលេខ២១៧ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលទៅដល់គ្លីនិកសួគ៌ា គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ ឱ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ។ ក្រោយពីពិនិត្យសាកសព និងកន្លែងកើតហេតុរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការវ៉ៃក្បាលធ្ងន់ធ្ងរ ។
ក្រោយមកទៀត ឈ្មោះ សោម លក្ខិណា ហៅ ភ័ក្ត្រណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ (សព) បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់ រួចសមត្ថកិច្ចយើងក៏បានប្រគល់សាកសពជនរងគ្រោះឱ្យទៅឈ្មោះ សោម លក្ខិណា ហៅ ភ័ក្ត្រណា យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តក្រចេះ ៕ដោយ៖ ភារ៉ា ដង្កោ