ព័ត៌មានទាន់ហេតុការណ៍៖

អាចរកគុកឃើញ! ឡើងអោបប្រពន្ធគេសុំដេកជាមួយ ខណៈប្ដីទៅរកសុី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នគរបាលជំនាញនៃអធិការដ្ឋានស្រុកក្រគរ ចុះអនុវត្តបណ្ដឹងស្រ្តីម្នាក់ពាក់ព័ន្ធករណីប្រទូស្តកេរ បន្ទាប់បុរសរូបនេះឡើងធ្វើសកម្មភាពអោប និងសុំដេកជាមួយពេលប្ដីនាងមិននៅ ។

ករណីអនុវត្តបណ្ដឹងឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបង្ហើបថា ជនសង្ស័យត្រូវនគរបាលឃាត់ខ្លួនឈ្មោះ សឿន សឿម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពព័ត៌មានបន្តថា នេះជាការអនុវត្តបណ្ដឹងរបស់ស្រ្តីឈ្មោះ ឃន តាវ ហៅអុឺត អាយុ ៣៤ឆ្នាំ មានប្ដី និងកូនប្រុស ១នាក់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នានឹងជនសង្ស័យ ក្នុងពាក្យបណ្ដឹងស្រ្តីរងគ្រោះបានបញ្ជាក់អះអាងថា នៅវេលាម៉ោងប្រមាណជាង១១កណ្ដាលអធ្រាត្រ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ សឿន សឿម បានឡើងផ្ទះរបស់នាងគ្រាកំពុងដេកជាមួយកូនពេលប្ដីមិននៅ(សឿន សឿម)ស្ទុះអោប និងសុំដេកជាមួយ ១យប់ នាងខំរើបំរាស់រួចរត់ចុះមកដី ជនសង្ស័យ(សឿន សឿម)ក៏គេចទៅផ្ទះបាត់ លុះស្អែកឡើងនាងបានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយរកយុទ្ធត្តិធម៌ ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យ(សឿន សឿម) បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំសំណុំឯកសារបញ្ជូន ៕ ដោយ៖បុឹម ពិន


ចែករំលែក៖