ភ្នំពេញ៖ ខណៈដែលជំងឺកូវីដ-19 នៅតែកើតមាននិងក្លាយជាក្តីបារម្ភរបស់មនុស្សទូទាំងពិភពលោក បានធ្វើឲ្យមកដល់ពេលនេះមនុស្សមួយចំនួនហាក់ដូចជាភ្លេចខ្លួននិងមិនបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ខែកក្កដានេះគេឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានទៅពិនិត្យសុខភាពនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មុនចូលបម្រើការងារ។
អ្វីដែលមានការចាប់អារម្មណ៍នោះគឺនៅពេលបងប្អូនតម្រង់ជួរចូលទៅធ្វើតេស្តពួកគាត់មិនបានរក្សាគម្លាតគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេគឺសុខចិត្តនៅបញ្ច្រៀតគ្នាយ៉ាងពពាក់ពពូនដោយមិនខ្វល់ពីការឆ្លងជំងឺកូវីដ-19(សូមមើលរូបថត)នោះឡើយ។ទង្វើបែបនេះបានធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅរិះគន់ដល់មន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ថាមិនយកចិត្តទុកដាក់នឹងការរីករាលដាលជំងឺកូវីដ-19 ដោយមិនមានវិធានការណ៍ណែនាំឲ្យប្រជាពលរដ្ឋទៅធ្វើតេស្តនៅទីនោះដើម្បីរក្សាគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ។
សូមបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា CDC បានប្រាប់ថា ជំងឺកូវីដ-១៩ នៅតែបន្តមាន និងនៅតែគំរាមកំហែងជាប់ជានិច្ច ដែលស្នើឱ្យយើងបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ខណៈដែលប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ដូច្នេះ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ល។ ហើយក៏ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ជាដើម៕
ដោយ÷ប្រាថ្នា