ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលប្រ៊ុយ​ណេ បង្ហាញ​ជំហរ​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង និង​ដោះស្រាយ​តាម​យន្តការ​ច្បាប់​អន្តរជាតិ​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីស្ថានភាពសមុទ្រចិនខាងត្បូងហាក់ដូចជាកំពុងឡើងកម្តៅបន្តិចនោះ រដ្ឋាភិបាលប្រ៊ុណេ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញជំហរចង់ឃើញភាគីពាក់ព័ន្ធនៃជម្លោះអធិបតេយ្យមួយនេះ  រក្សាភាពចាស់ទុំ និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញនៅដើមសប្តាហ៍នេះ ក្រសួងការបរទេស​ប្រ៊ុណេ បានអះអាងជាថ្មីក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងសុខដុមនៅក្នុងតំបន់ ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូងតែម្តង រដ្ឋាភិបាល​ប្រ៊ុណេ តាមសេចក្តីថ្លែងការណ៍ដដែល បានប្រកាសជំហរមិនប្រែប្រួលក្នុងការអនុវត្តយន្តការពីរផ្លូវដើម្បីដោះស្រាយបញ្ហាអធិបតេយ្យមួយនេះ

ក្នុងជំហររបស់​ប្រ៊ុណេ ដែលជារដ្ឋសម្បូរហូរហៀរដោយធនធានធម្មជាតិ រ៉ែប្រេង និងមាសជាដើមនោះ បានស្នើឲ្យមានការជជែកបញ្ហាដោយជាលក្ខណៈទ្វេភាគី រវាងប្រទេសដែលមានជាប់ពាក់ព័ន្ធបញ្ហាដោយផ្ទាល់តាមរយៈកិច្ចសន្ទនាសន្តិវិធី និងការពិគ្រោះយោបល់

សូមជម្រាបថា រដ្ឋាភិបាលប្រ៊ុណេ ចង់ឲ្យភាគីពាក់ព័ន្ធចរចាលើបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងបទដ្ឋានអន្តរជាតិផ្សេងៗ ការរក្សាភាពចាស់ទុំ​, សន្តិភាពនិងភាពជាធ្នុងមួយ​, ការកសាងទំនុកចិត្ត និងការបង្កើនការទុករួមក្នុងតំបន់ក៏ជាអ្វីដែល​ប្រ៊ុណេរំពឹងពីប្រទេសពាក់ព័ន្ធដូចគ្នាផងដែរ

ជម្លោះសមុទ្រចិនខាងត្បូង គឺជាបញ្ហាអធិបតេយ្យមួយ ដែលមានរដ្ឋអាស៊ានជាប់ពាក់ព័ន្ធដោយផ្ទាល់រួមមាន ប្រ៊ុណេ ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាមជាមួយនឹងចិន សម្រាប់រដ្ឋអាស៊ាន ការប្រើប្រាស់ច្បាប់អន្តរជាតិ គឺជាជម្រើសល្អបំផុតសម្រាប់ការដោះស្រាយបញ្ហា ខណៈភាគីចិន ដែលបានទាមទារគ្រប់គ្រងតំបន់ជម្លោះនោះស្ទើរតែទាំងស្រុងនោះ តែងតែយកអំណះអំណាងប្រវត្តិសាស្ត្រមកអនុវត្ត

គួរបញ្ជាក់ថា កន្លងមក ប្រទេសប្រ៊ុយណេ ត្រូវបានកត់សម្គាល់ជារដ្ឋភាគីនៃជម្លោះ ដែលមានជំហរស្ងប់ស្ងាត់បំផុត ពោលគឺ ប្រ៊ុណេ កម្រនឹងចេញសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ក្រៅពីវេទិការបស់អាស៊ានណាស់ ខុសពីម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលជានិច្ចកាលចេញសេចក្តីថ្លែងការណ៍តវ៉ា និងថ្កោលទោសចិន នៅពេលដែលចិនធ្វើសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូង ដោយ៖ស តារា


ចែករំលែក៖