អន្តរជាតិ៖ បន្ទាប់ពីប្រទេសវៀតណាម រកឃើញមានករណីឆ្លងកូរ៉ូណាវីរុសក្នុងស្រុកជាថ្មី ដែលមិនដឹងពីប្រភពចម្លង ។ នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសវៀតណាម បានដាក់ចេញវិធានការមួយចំនួនជាថ្មី នៅក្នុងទីក្រុងដាណាង (Danang) ដើម្បីទប់ស្កាត់ជំងឺឆ្លងមួយនេះ ។
ការដាក់ចេញវិធានការការពារនេះ ធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី២៦ ខែកក្កដាទីក្រុងទេសចរណ៍មួយនេះ បានរាយការណ៍ពីករណីឆ្លងCOVID-19 ៣ករណីទៀត ដោយមិនដឹងពីប្រភពនៃករណីឆ្លងដដែល។
សូមជម្រាបថា ទីក្រុងដាណាង កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុក ១ករណីដែលជាលើកដំបូងក្នុងរយៈពេល៩៩ថ្ងៃ។ មនុស្សយ៉ាងហោចណាស់ ១០៣នាក់ មានទាក់ទងជាមួយអ្នកជំងឺថ្មីនេះ ប៉ុន្តែត្រូវបានគេធ្វើតេស្តរកឃើញមានលទ្ធផលអវិជ្ជមាន។
ទាក់ទិននឹងករណីឆ្លងក្នុងស្រុកជាថ្មីនេះ អាជ្ញាធរក្រុង បានដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19 នៅក្នុងក្រុង។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express ក្រុងដាណាង បានផ្អាកទទួលភ្ញៀវទេសចររយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ខែកក្កដា។ លើសពីនេះ អាជ្ញាធរ បានហាមមិនឲ្យមានការជួបជុំលើសពី៣០នាក់ និងជំរុញឲ្យប្រជាជនចេះរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់។
ក្រៅពីហាមប្រជាជន អាជ្ញាធរក្រុង ក៏បានបិទសកម្មភាពមិនសំខាន់មួយចំនួនផងដែរ ដូចជា ឧទ្យានកម្សាន្ត ហាងអ៊ុតសក់ ខារ៉ាអូខេ កន្លែងម៉ាស្សា និងបារជាដើម។ ចំណែកព្រឹត្តិការណ៍សាសនា កីឡា និងវប្បធម៌ ក៏ត្រូវផ្អាកផងដែរ។
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលវៀតណាម ក៏បានជំរុញឲ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈ បន្តរឹតត្បិតការធ្វើដំណើការចូលមកវៀតណាមជាពិសេសនៅតាមច្រកទ្វារព្រំដែនតែម្តង ដើម្បីទប់ស្កាត់ COVID-19 ។លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន ស៊ួនហ្វុក បានបញ្ជាឲ្យអាជ្ញាធរវៀតណាមគ្រប់ខេត្តក្រុងទាំងអស់ ស្វែងរក និងស៊ើបអង្កេត ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ មកដាក់ចត្តាឡីស័ក និងពិន័យជាប្រាក់ទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
បើគិតមកត្រឹមថ្ងៃទីចន្ទនេះ ប្រទេសវៀតណាមមានករណី COVID-19 សរុបចំនួន ៤២០ករណី និងមិនមានករណីស្លាប់ឡើយ។ ចំណែកករណីជាសះស្បើយនៅវៀតណាមមានចំនួន ៣៦៥នាក់។ ប្រជាជនច្រើនជាង១១០០០នាក់ ត្រូវបានគេដាក់ចត្តាឡីស័ក ក្នុងចំណោមនេះប្រជាជន២២០នាក់ ត្រូវដាក់នៅមន្ទីរពេទ្យ និងអ្នកផ្សេងទៀត ត្រូវដាក់នៅមណ្ឌាលចត្តាឡីស័ក ឬនៅផ្ទះ។ បើតាមវេបសាយWorldometer វៀតណាមបានធ្វើតេស្តសរុប២៧ម៉ឺនដង៕ដោយ៖ស តារា