កូរ៉េខាងត្បូងនៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់ថា បុរសម្នាក់ដែលលួចរត់ចូលទៅកាន់កូរ៉េខាងជើង គឺជាជនជាតិកូរ៉េខាងជើងភៀសខ្លួនមកនៅកូរ៉េខាងត្បូង ហើយត្រូវកម្លាំងសន្តិសុខស្វែងរកចាប់ខ្លួនពីបទរំលោភផ្លូវភេទលើស្ត្រីមកពីកូរ៉េខាងជើងដូចគ្នា។
ការប្រកាសខាងលើរបស់កូរ៉េខាងត្បូង កើតឡើងក្រោយពេល កូរ៉េខាងជើងចោទប្រកាន់បុរសជនជាតិកូរ៉េខាងត្បូងលួចឆ្លងដែនខុសច្បាប់ហើយមានផ្ទុកកូវីដ-១៩។ នៅថ្ងៃទី២៧ ខែកក្កដានេះ មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា បុរសដែលរត់ទៅកូរ៉េខាងជើង មានត្រកូលគីម អាយុ២៤ឆ្នាំ។ បុរសរូបនេះបានហែលឆ្លងព្រំដែនមកកូរ៉េខាងត្បូងនៅឆ្នាំ២០១៧ ហើយកាលពីថ្ងៃទី១៩ ខែកក្កដា ក៏បានហែលទឹកឆ្លងព្រំដែនចូលទៅកាន់ទីក្រុងកេស៊ុងកូរ៉េខាងជើងវិញ ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា មកទល់ពេលនេះមិនទាន់ច្បាស់ពីមូលហេតុដែលបុរសត្រកូលគីម វិលត្រឡប់ទៅកូរ៉េខាងជើងវិញឡើយ។ ប៉ុន្តែលោកគីមត្រូវកម្លាំងប៉ូលិសកូរ៉េខាងត្បូងតាមចាប់ខ្លួនដើម្បីសួរចម្លើយ ក្រោយស្ត្រីម្នាក់មកពីកូរ៉េខាងជើងដូចគ្នាចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
កាលពីថ្ងៃទី២៦ ខែកក្កដា កូរ៉េខាងជើងបានប្រកាសថា បុរសវ័យ២៤ឆ្នាំដែលលួចចូលពីកូរ៉េខាងត្បូងនោះសង្ស័យមានផ្ទុកវីរុសកូវីដ-១៩ បានក្លាយជាករណីទីមួយនៅកូរ៉េខាងជើង។ ហេតុការណ៍ខាងលើបានធ្វើឲ្យមេដឹកនាំគីម ជុងអ៊ុនកោះប្រជុំជាបន្ទាន់ ហើយប្រកាសអាសន្ននិងចេញបញ្ជាឲ្យបិទទីក្រុងកេស៊ុងទាំងមូល ដែលមានពលរដ្ឋប្រមាណ៣សែននាក់រស់នៅតាមបណ្តោយព្រំដែនកូរ៉េទាំងពីរ៕ដោយ៖ធី រីណា